Register Already an agent ? Login

ក្រុងព្រះសីហនុ ត្រូវបានជ្រើសរើសជាកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ ដោយសារសម្បទាទេសចរណ៍សមស្រប

ព្រះសីហនុ៖ ការជ្រើសរើសយកក្រុងព្រះសីហនុ ជាទីកន្លែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២២ (ASEAN Tourism Forum 2022) ដោយសារ ក្រុងព្រះសីហនុមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អមានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ ដោយមិនចំាបាច់ប្ដូរជើងយន្តហោះ។ បើតាមការថ្លែង បញ្ជាក់របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ម្យ៉ាងទៀតការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តនេះ អាចនឹងចប់មុនដំណាច់ឆ្នាំ២០២១។

លោក ថោង ខុន បានថ្លែងបន្តថា ដោយមានការគាំទ្រពីប្រទេសសមាជិកអាស៊ាន វេទិកាទេសចរណ៍អាស៊ាន ត្រូវបានលើកពេលម្ដងរួចមកហើយកាលពីឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩។ ស្របតាមស្មារតី និងគោលបំណងរួម ថ្នាក់ដឹកនាំទេសចរណ៍អាស៊ានបានគាំទ្រឱ្យកម្ពុជារៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍អាស៊ាននេះដោយផ្ទាល់ ដើម្បីប្រកាសអំពីការបើកទេសចរណ៍អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។

លោក ថោង ខុន បានថ្លែងបន្តទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានឯកភាពតាមសំណើរបស់ក្រសួងទេសចរណ៍ ឱ្យរៀបចំវេទិកាទេសចរណ៍នេះឡើង ដែលរួមមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (NTOs) ថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំអាស៊ានបូក (បូកបី ឥណ្ឌា រុស្ស៊ី) ជាមួយដៃគូអាស៊ាននានា ការតាំងពិព័ពរណ៍ក្នុងទំហំតូចល្មម និងកម្មវិធីផ្សេងៗទៀតដែលអាចគ្រប់គ្រងបាន។

លោក រដ្ឋមន្រ្តីបានថ្លែងបន្ថែមថា គណៈកម្មការរៀបចំទិវាទេសចរណ៍ នឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗ ហើយក្រុមការងារអន្តរស្ថាប័ននឹងសិក្សាវាយតម្លៃរៀបចំព្រឹត្តិការណ៍នេះ ដោយផ្ដល់បដិសណ្ឋារកិច្ចដល់ភ្ញៀវ គ្រប់គ្រងហានិភ័យនៃការឆ្លង ការគ្រប់គ្រងព័ត៌មានស្ដីពីការធ្វើដំណើរ និងស្នាក់នៅរបស់គណៈប្រតិភូ ការត្រៀមរៀបចំបុគ្គលិកបម្រើការ និងមន្ត្រីរៀបចំឱ្យបានល្អ ធ្វើយ៉ាងណាធានាថាមានសុវត្ថិភាព គុណភាព អនាម័យ និងការទុកចិត្តពីគណៈប្រតិភូ ពីបុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋ។

នៅក្នុងប្រជុំតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សា និងដោះដូរយោបល់លើការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០នេះ ឱ្យបានរលូនជោគជ័យ លោក ថោង ខុន បានបញ្ជាក់ទៀតថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសីហនុបានច្រើន ពេលសភាពការណ៍កូវីដ-១៩ធូរស្រាល ហើយក្រុមហ៊ុនទេសចរណ៍កម្ពុជានឹងអាចពង្រីកដៃគូធុរកិច្ចរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំខាងលើ លោក គួច ចំរើន បានបង្ហាញថា រដ្ឋបាលខេត្តព្រះសីហនុ រីករាយគាំទ្រយ៉ាងពេញទំហឹង និងសហការរៀបចំព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ដោយត្រូវសហការគ្នាធានាថា គ្មានការនាំជំងឺកូវីដ-១៩ ចូល ហើយគ្មានការឆ្លងពីអ្នកក្នុងស្រុកដល់គណៈប្រតិភូ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ASEAN Tourism Forum 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទន្ទឹមនឹងចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្រ អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍ជនបទនៅកម្ពុជា ដែលអង្កការទេសចរណ៍ពិភពលោកចាត់ទុកជានិន្នាការកើនឡើងបន្ទាប់ពីកូវីដ-១៩ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍នាឱកាសទិវាទេសចរណ៍អាស៊ាននេះ នឹងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាស៊ានសម្រាប់ការស្ដារវិស័យទេសចរណ៍ឡើងវិញ ដែលជាការទន្ទឹងរង់ចាំពីប្រតិបត្តិករទេសចរណ៍ទាំងអស់ ក៏ដូចជាអ្នកបម្រើការងាររាប់សិបលាននាក់៕

ដោយ៖ មឿន​ ឌីណា (Moeun  Dyna)