Register Already an agent ? Login

ក្រសួងបរិស្ថាន កំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ»

តាកែវ៖ ក្រសួងបរិស្ថាន បានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជា «តំបន់រ៉ាមសារ» ដោយសារតែបានផ្តល់ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាពប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទដែលជាប្រភេទសត្វកម្រ។ បើតាមការថ្លែងឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន

ការដាក់តំបន់ដីសើមមួយជា «តំបន់រ៉ាមសារ» គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី ហើយនិងសក្តានុពលនៃតំបន់ដីសើមនោះដើម្បីរៀបចំឯកសារព័ត៌មាន ដែលទាមទារឱ្យមានការពិគ្រោះយោបល់ ទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតាមការលើកឡើងរបស់ លោក នេត្រ ភក្ត្រា បានបន្តថាបើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៥ រួមមាន៖ តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិត នៅក្នុងខេត្តតាកែវបានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ បើតាមការលើកឡើងបន្តរបស់ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ថ្មីៗនេះឧទ្យានុរក្សនៃក្រសួងបរិស្ថានបានកត់ត្រាពីវត្តមានចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាងស៊ីបេរី និងអាស៊ីអាគ្នេយ៍ តាមផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។

«តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានផ្តល់ជាអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលបានគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបរបស់វា»។ បើតាមការបញ្ជាក់ បន្តពីរដ្ឋលេខាធិការដដែល លោក នេត្រ ភក្ត្រា បានបន្ថែមថា តំបន់នេះផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធាន ពន្ធុ ដីល្បាប់ និងធនធានធម្មជាតិផ្សេងៗទៀត សេវាកម្មនិយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្មអាកាសធាតុក្នុងតំបន់ និងនៅសាកល បន្សុទ្ធទឹក ជាដើម។

លោក រដ្ឋលេខាធិការរូបនេះ បន្ថែមទៀតថា តំបន់នេះ ជាសេវាកម្មវប្បធម៌ ដោយផ្តល់ជាតម្លៃសោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃបេតិកភណ្ឌវប្បធម៌ សាសនា ទំនាក់ទំនងសង្គម ការអប់រំនិងសិក្សាស្រាវជ្រាវ និងសេវាកម្ម គាំទ្រ ដូចជាផ្តល់ជាទីជម្រកដល់ជីវចម្រុះ ការកកើតដីល្បាប់ សារធាតុរ៉ែ សារធាតុសរីរាង្គ ផ្តល់ជាផលិតកម្មបឋម គាំទ្រដល់វដ្តទឹក និងវដ្តចំណីអាហារ។ល។

ទាក់ទងនឹងសារៈប្រយោជន៍ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរួបនេះ បានបញ្ជាក់បន្តទៀតថា «ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ គឺបង្ហាញឱ្យឃើញថាតំបន់ដីសើមនេះមានសារៈសំខាន់ជាអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសារដែលមានលេខាធិការដ្ឋានរ៉ាមសារ នៅប្រទេសស្វីស»។

លោក ស្រី ស៊ុន លាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានបានថ្លែងថា ប្រទេសកម្ពុជា បានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩៩។

អនុសញ្ញារ៉ាមសារធ្វើការលើសសរស្តម្ភចំនួន ៣សំខាន់គឺ ១.ការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ ២.កំណត់និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ និង៣.កិច្ចសហការអន្តរជាតិ។ បើតាមការបន្តរបស់ លោកស្រី ស៊ុន លាងបានឱ្យដឹងថា បច្ចុប្បន្ន តំបន់ដីសើមដែលត្រូវបានដាក់បញ្ចូលជាតំបន់រ៉ាមសារមានចំនួន ២៤២៤ នៅលើពិភពលោក គ្របដណ្តប់លើផ្ទៃដីចំនួន ២៥លានហិកតា ដែលក្នុងនោះកម្ពុជាមានចំនួន ៥កន្លែង សរុបមានផ្ទៃដីទំហំ ៤២,២៥៧ហិកតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)