Register Already an agent ? Login

ក្នុងឆមាសទី១ ឆ្នាំ២០២១ គយប្រមូលចំណូលបានចំនួន ១,១ពាន់លានដុល្លារ ថយចុះជិត ៩ភាគរយ ធៀបនឹងឆ្នាំ២០២០

ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ចំណូលប្រមូលបានដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានចំនួន ៤,៦៩៥.៨ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥លានដុល្លារ ថយចុះ ប្រមាណ ៨,៩ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ លទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ២០២១នេះ គឺសម្រេចបាន ៤៩ភាគរយ នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ បើតាមសេចក្ដីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២១។

នៅកិច្ចប្រជុំខាងលើ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួននៅទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

បើតាមសេចក្ដីប្រកាសព័ត៌មាននៃកិច្ចប្រជុំនេះ បានឱ្យដឹងថា បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ១,៧៧៥.០១ប៊ីលានរៀល (ត្រូវជា ៣៧,៨%នៃចំណូលសរុប) អាករពិសេសមាន ១,៧៦៥.០២ប៊ីលានរៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប) ពន្ធគយមាន ៨៤៧,៦៣ប៊ីលានរៀល (ត្រូវជា ១៨,១%នៃចំណូលសរុប) អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ប៊ីលានរៀល (ត្រូវជា ៤,៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៩៤,១៣ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ប៊ីលានរៀល គ្របដណ្តប់ ៤២,៣% នៃចំណូលសរុប ទំនិញចម្រុះមានចំនួន ១,៣១៦.៣ប៊ីលានរៀល ត្រូវជា ២៨ភាគរយនៃចំណូលសរុប ផលិតផលតេលសិលាមានចំនួន ១,១០១.៩ប៊ីលានរៀល ស្មើនឹង ២៣,៥% នៃចំណូលសរុប និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២,២ប៊ីលានរៀល ស្មើនឹង ៦,២ភាគរយនៃចំណូលសរុប។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានបន្តទៀតថា បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖

១.ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤,៧២១.៤លានដុល្លារ កើនឡើងប្រមាណ ៤០,១លានដុល្លារ ស្មើនឹង ០,៩ភាគរយ។

២.ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ១,៨៩៩.៧លានដុល្លារ កើនឡើងប្រមាណ ៦៣២,៥លានដុល្លារ ស្មើនឹង ៤៩,៩ភាគរយ។

៣.ការនាំចេញកសិផលមានចំនួន ១,៥៨០.៦លានដុល្លារ កើនឡើងប្រមាណ ៦១៧,៦លានដុល្លារអាមេរិក ឬ ៦៤,១៣ភាគរយ ក្នុងនោះរួមមាន៖

-ស្រូវនាំចេញមានចំនួន ១,៦៩ លានតោន មានតម្លៃ ៤២៥,១លានដុល្លារ កើនឡើងប្រមាណ ១,០១៩.៧ពាន់តោន (១៥១.៧%) ឬស្មើនឹងប្រមាណ ២៨៥,១លានដុល្លារ (២០៣,៥%)។ -ការនាំចេញអង្ករសម្រេចបាន ២៩១,១ពាន់តោន មានតម្លៃ ២០៤,២លានដុល្លារ ថយចុះប្រមាណ ៧៨,១ពាន់តោន (២១.២%) ឬប្រមាណ ៦០,៥លានដុល្លារ (២២,៩%)។

-ការនាំកៅស៊ូចេញមានចំនួន ១០២,៨ពាន់តោន មានតម្លៃ ១៥៧,៦លានដុល្លារ កើនឡើងប្រមាណ ៤៥,៦ពាន់តោន (៧៩,៧%) ឬប្រមាណ ៨៧លានដុល្លារ (១២៣,២%) និងកសិផលផ្សេងទៀតមានចំនួន ៣,៥៩២.៧ពាន់តោន មានតម្លៃ ៧៩៣,៧លានដុល្លារ កើនឡើងប្រមាណ ១,១៤១.៩ពាន់តោន (៤៦.៦%) ឬប្រមាណ ៣០៦លានដុល្លារ (៦២.៨%)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)