Register Already an agent ? Login

រយៈពេល៥ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ

ភ្នំពេញ៖ របាយការណ៍របស់ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំកម្ពុជា បានផ្សាយឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២១ សម្រេចបានទឹកប្រាក់ប្រមាណ ៣ ៣០០លានដុល្លារ ក្នុងនោះការនាំចូលមានទំហំទឹកប្រាក់ជាង ២ ៩០០លានដុល្លារ ខណៈការនាំចេញមានទំហំទឹកប្រាក់ប្រមាណ ៤៥៩លានដុល្លារ។ បើប្រៀបធៀបរយៈពេលដូចគ្នានៅនឹងឆ្នាំ២០២០ មានទំហំទឹកប្រាក់ជាង ៣ ៥០០លានដុល្លារ ដូច្នេះ រយៈពេល ៥ខែ ឆ្នាំ២០២១ ថយចុះ ៥ភាគរយ

ទាក់ទងការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ពាណិជ្ជកម្មនៃការនាំចូល មានទំហំទឹកប្រាក់ជាង២ ៩០០លានដុល្លារ បានកើនឡើងជិត ៣ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ជាង ៤៥៩លានដុល្លារ ថយចុះជាង ៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។ បើតាមរបាយការណ៍ខាងលើបានបញ្ជាក់ថា «ទោះបីមានការធ្លាក់ចុះក៏ពិតមែន តែផលិតផលនាំចេញមួយចំនួនបានរក្សាស្ថេរភាពល្អរួមមាន៖ បន្លែផ្លែឈើ លោហៈធាតុ ខ្សែអេឡិចត្រូនិក គ្រឿងបង្គុំអគ្គិសនី សាច់សត្វ គ្រឿងបង្គុំអេឡិចត្រូនិក ស្បែកជើង ឧបករណ៍អគ្គិសនីប្រើក្នុងផ្ទះ រួមជាមួយផលិតផ្សេងៗទៀត»។

បើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ជុំវិញការធ្វើពាណិជកម្មអន្តរជាតិ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញសរុប មានទំហំទឹកប្រាក់ជិត ៦ ០០០លានដុល្លារ បានកើនឡើង ១,៦ភាគរយ ខណៈការនាំចូលសម្រេចបានក្នុងទំហំទឹកប្រាក់ចំនួនជាង ៨ ៦០០លានដុល្លារ ​បានកើនឡើង ១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)