Register Already an agent ? Login

លោក ជាវ តាយ បញ្ជាឱ្យមន្រ្តីក្រោមឱវាទ មោឃភាពលើលិខិតចុះហត្ថលេខាបញ្ជាក់ ដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាទៅអភិបាលក្រុង ស្រុក ទាំងអស់មោឃភាពរាល់លិខិត ដែលបានចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ បើតាមលិខិតរបស់ លោក ជាវ តាយ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដែលទើបចេញផ្សាយជាសាធារណៈ នៅដើមខែកក្កដានេះ។

ការចេញលិខិតរបស់អភិបាលខេត្តកំពត ផ្ញើទៅអភិបាលក្រុង ស្រុក បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានផ្ញើលិខិតជូនទៅអភិបាលខេត្តទាំងអស់ ដែលមានផ្ទៃដីស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិទាំងអស់ ដោយបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងបរិស្ថានបានពិនិត្យឃើញថា រដ្ឋបាលឃុំ-សង្កាត់មួយចំនួននៅតែបន្តចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅលើដីដែលបានកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលទង្វើទាំងនេះជាអំពើផ្ទុយនឹងច្បាប់។

បើតាមលិខិតរបស់ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ និងបដិសេធចោលនូវអនុភាពនានា របស់ឯកសារខាងលើ រដ្ឋបាលខេត្តស្នើអភិបាលក្រុង-ស្រុក ត្រូវចាត់វិធានការមួយចំនួនដូចខាងក្រោម៖

១-បដិសេធនិងមោឃភាព រាល់លិខិត និងឯកសារទាំងឡាយណាដែលមានការពាក់ព័ន្ធទៅនឹងការកាន់កាប់និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ សង្កាត់បានចុះហត្ថលេខាបញ្ជាក់ពេលកន្លងមក។

២-សូមណែនាំទៅរដ្ឋបាលឃុំ សង្កាត់ ឱ្យបញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន។

៣-ផ្ដល់កិច្ចសហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះរដ្ឋបាលឃុំ សង្កាត់ណាដែលនៅតែបន្តចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិឬពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ជាអាទិ៍នៅលើដីដែលបានកាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទិ្ធក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក។

សូមរំឭកថា ក្រសួងបរិស្ថាន ធ្លាប់បានគូសបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ នៅតាមបណ្ដាខេត្តនានាបានឡើយ និងស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះរដ្ឋមិនទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)