Register Already an agent ? Login

វឌ្ឍភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាបសម្រេចបាន ៦៦,៣៤%

សៀមរាប៖ វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន ៦៦,៣៤ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៧ខែ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០។ បើតាមរបាយការណ៍របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដែលបានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ពីចម្ងាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលបានចូលរួមសហការល្អជាមួយស្ថាប័នអនុវត្តគម្រោង និងបានកោតសរសើរផងដែរដល់អង្គភាពអនុវត្តគម្រោងទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងាររបស់ខ្លួនតាមការគ្រោងទុក ទោះបីជួបឧបសគ្គជំងឺរាតត្បាតកូវីដ-១៩ក្ដី និងថ្លែងអំណរគុណជាពិសេសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានបើកផ្ដល់ថវិកាហិរញ្ញ ប្បទានដល់អង្គភាពអនុវត្តគម្រោងផងដែរ។

ឆ្លើយតបទៅនឹងរបាយការណ៍ដែលបានលើកឡើងដោយ លោក ស៊ុន ចាន់ថុល អង្គប្រជុំបានឯកភាពទៅលើវឌ្ឍនភាពការងារសម្រេចបាន៦៦,៣៤ភាគរយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៧ខែ និងបានសន្និដ្ឋានថា ដោយពិនិត្យមើលការងារដែលនៅសេសសល់មួយចំនួនស្មើនឹង ១ភាគ៣នៃទំហំការងារសរុប គម្រោងនេះនឹងអាចឆ្លើយតបជាមួយនឹងផែនការដែលបានដាក់ចុះក្រោម ការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្របតាមសំណូមពររបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចង់បើកឱ្យមានភ្ញៀវទេសចរចូលប្រទេសឡើងវិញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។

នៅក្នុងកិច្ចប្រជុំខាងលើ សម្ដេច ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពអនុវត្តគម្រោង ដែលបានខិតខំប្រឹង ប្រែងយកចិត្តទុកដាក់អនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ប្រជាពលរដ្ឋ និងវិស័យឯកជននានា ដែលបាន ចូលរួមគាំទ្រគម្រោងនេះរហូតសម្រេចបានលទ្ធផលតាមផែនការ ស្របតាមអនុសាសន៍ របស់សម្តេច តេជោ ហ៊ុន សែន ដែលបាន ថ្លែងក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។

នៅពេលបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាបនឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះយ៉ាងពិតប្រាកដ  ដោយហេតុថាគម្រោងនេះនឹងតភ្ជាប់ពីទីប្រជុំជនទៅកាន់តំបន់ជាយក្រុង តំបន់ទេសចរណ៍វប្បធម៌សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានាប្រកបដោយភាពប្រទាក់ក្រឡាគ្នា ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងវិនិយោគិនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋសំដៅលើកកម្ពស់សេដ្ឋកិច្ចឱ្យមានការរីកចម្រើន។ បើតាមការបញ្ជាក់របស់អង្គប្រជុំអន្តរក្រសួងខាងលើ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាម ក៏ដូចជាដើម្បីពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពអនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានជួប ប្រទះក្នុងការបំពេញការងាររបស់ខ្លួនកន្លងមក និងស្នើសុំអនុសាសន៍ណែនាំបន្ថែម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)