Register Already an agent ? Login

នៅក្នុងប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ រាជរដ្ឋាភិបាលជំរុញឱ្យមានការអភិវឌ្ឍតំបន់បឹងកក់ និងបឹងនានានៅភាគខាងជើង

ភ្នំពេញ៖ អនុក្រឹត្យ ស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ រាជរដ្ឋាភិបាល បានជំរុញឱ្យមានការអភិវឌ្ឍតំបន់បឹងកក់ ជាទីតាំងសាធារណៈថ្មី ដែលមានអគារការិយាល័យ និងពាណិជ្ជកម្មទំនើបៗនឹងអាចលើកតម្កើងតំបន់ដោយបើកចំហដល់សាធារណជនអាចបង្កើតតំបន់កណ្ដាលក្រុងថ្មី និងបង្កើតកាលានុវត្តភាពនៃការធ្វើវិនិយោគទុនថ្មីៗដែលមានលម្ហបើកទូលាយច្រើន។

ជាមួយគ្នានឹងការអភិវឌ្ឍបឹងនេះ នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលខាងលើលេខ១៨១ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ក៏បានជំរុញឱ្យមានការអភិវឌ្ឍបឹងនានានៅភាគខាងជើងផងដែរ (បឹងតាមោគនិងបណ្ដាញរបស់វា) នៃរាជធានីភ្នំពេញគឺជាសេចក្ដីប្រាថ្នា ការរៀបចំនគរូបនីយកម្មបឹងទាំងនេះបង្ហាញឱកាសតែមួយគត់សម្រាប់បង្កើតនូវទីតាំងនគរូបនីយកម្មថ្មីមួយ ដើម្បីពង្រីកទីក្រុងប្រកបដោយគុណភាពខ្ពស់ ដែលរាជធានីភ្នំពេញត្រូវតែមាន ដើម្បីទទួលនូវស្ដង់ដារលំនៅឋាន និងតំបន់កណ្ដាលក្រុងថ្មី។

«ការថែរក្សាទុកនូវបឹងទាំងនេះ គឺមានសារសំខាន់ណាស់សម្រាប់បង្ហូរទឹកពីទីតាំងនគរូបនីយកម្មដែលបានគ្រោងទុកនៅខាងជើងទំបន់កប់ស្រូវនិងទន្លេសាប។ ការធ្វើឱ្យថយសមត្ថភាពជ្រាបទឹកនូវផ្ទៃដីទាំងឡាយបន្តិចម្ដងៗ នឹងនាំឱ្យមានការរលំបាក់កាន់តែខ្លាំងក្នុងការគ្រប់គ្រងជំនន់ដោយទឹកភ្លៀង»។ បើតាមការបញ្ជាក់នៅក្នុងអនុក្រឹត្យខាងលើ។

នៅក្នុងអនុក្រឹត្យ ស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ របស់រាជរដ្ឋាភិបាល បានបន្តថា គម្រោងរបស់សាលារាជធានីភ្នំពេញ នៅក្នុងការរៀបចំបឹងកក់ តម្រូវឱ្យមានការថែរក្សាទីតាំងស្ថានីយរថភ្លើងចាស់ ដែលជាសំណង់បេតិកភណ្ឌ និងតម្រូវឱ្យមានការតភ្ជាប់ឡើងវិញនូវបណ្ដាញផ្លូវតភ្ជាប់តំបន់ខាងលិច និងខាងជើងមកតំបន់ទីក្រុងចាស់ផ្នែកខាងត្បូង និងខាងកើតនៃបឹងកក់នេះ ហើយផ្លូវថ្មីៗនិងទីតាំងសាធារណៈនានាដែលបន្តពីទីលាននៅមុខស្ថានីយរថភ្លើងឆ្ពោះទៅខាងលិចនៅទល់មុខទីស្ដីការគណៈរដ្ឋមន្រ្តីបច្ចុប្បន្ន។

បើតាមអនុក្រឹត្យនេះ បានបន្តទៀតថា ការបន្តពីផ្ទៃពណ៌បៃតងដែលមានទំនាក់ទំនងរវាងពហុកីឡដ្ឋានអូឡាំពិក និងបឹងកក់គឺជាកន្លែងថ្មីផងដែរ ដែលបន្តប្លង់អភិវឌ្ឍន៍ជាប្រវត្តិសាស្រ្តរបស់រាជធានី ហើយផ្លូវទាំងអស់នេះនឹងរៀបចំសម្រាប់ទទួលនូវសកម្មភាពកម្សាន្តទាំងឡាយ (មជ្ឈមណ្ឌលវប្បធម៌ និងទីតាំងពិព័រណ៌ រោងភាពយន្ត សាលមហោស្រព ហើយនិងបណ្ណាល័យសោតទស្សន៍) ទទួលនូវសកម្មភាពបប្រើប្រាស់ទាំងឡាយ (មជ្ឈមណ្ឌលពាណិជ្ជកម្ម ភោជនីយដ្ឋាន សណ្ឋាគារ) និងទទួលសេវាកម្មនានា (ការិយាល័យរដ្ឋបាលនានា)។

ការការពារ និងការលើកតម្កើងបឹងនានាដែលតភ្ជាប់ទៅនឹងប្រឡាយដ៏ធំនានាក្នុងខណ្ឌឫស្សីកែវនិងខណ្ឌសែនសុខ នឹងក្លាយទៅជាជន្ទល់ដ៏មានសារសំខាន់សម្រាប់ការទាក់ទាញការអភិវឌ្ឍប្រកបដោយគុណភាព ដោយរាប់បញ្ចូលផងដែរនូវគម្រោងដែលមានអគារខ្ពស់ៗជុំវិញនៃមាត់បឹង។ បើតាមទឡ្ហីករណ៍នៅក្នុងអនុក្រឹត្យដដែល បានបញ្ជាក់ទៀតថា «ការអភិវឌ្ឍទាំងឡាយនេះ តម្រូវឱ្យការបង្កើតនូវអាងទទួលទឹកដែលប្រើប្រាស់រួចហើយដែលនឹងត្រូវបង្ហូរទឹកកខ្វក់ទាំងនោះចេញពីតំបន់ជាយក្រុងខាងជើងទៅកាន់អាងចម្រោះទឹកកខ្វក់បឹងជើងឯកនៃតំបន់ជាយក្រុងខាងជើង ដើម្បីជៀសវាងការបំពុលបរិស្ថានទន្លេសាប ដែលជាទីតាំងបរិស្ថាននិងសេដ្ឋកិច្ច (ទេសចរណ៍ការនេសាទ) ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)