Register Already an agent ? Login

រាជរដ្ឋាភិបាល គ្រោងពង្រីកព្រំដែនរាជធានីភ្នំពេញក្នុងរង្វង់ ៣០គីឡូម៉ែត្រជុំវិញ កាត់យកភាគខាងជើងខេត្តកណ្ដាលឱ្យមានទំហំនឹងទីក្រុងធំៗពីររបស់វៀតណាម

ភ្នំពេញ៖  អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ គ្រោងពង្រីកព្រំដែនរាជធានីភ្នំពេញ នៅក្នុងរង្វង់ទំហំ ៣០គីឡូម៉ែត្រជុំវិញគិតពីចំណុចកណ្ដាលនៃរាជធានីភ្នំពេញ ដោយយកផ្ទៃដីភាគខាងជើងខេត្តកណ្ដាលស្ទើរតែទាំងអស់ ដើម្បីឱ្យមានមាត្រដ្ឋានដែនដីមានទំហំទៅនឹងទីក្រុងធំៗពីររបស់វៀតណាម គឺទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ មានមហិច្ឆតាពង្រីកផ្ទៃដីទីក្រុងធំ (មេត្រូប៉លីតែន) ឱ្យកើនឡើងទ្វេដងបានឱ្យដឹងថា ផលិតផលក្នុងស្រុករាជធានីភ្នំពេញបច្ចុប្បន្នមានប្រមាណ ៣០ភាគរយ នៃផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា គឺលើសពី ១,៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការពង្រីកព្រំដែននៃការគ្រប់គ្រងរដ្ឋបាលរបស់ក្រុងភ្នំពេញ ត្រូវកាត់ផ្ទៃដីខេត្តកណ្ដាល នឹងនាំឱ្យមានការថយចុះកម្រិតនៃផលិតក្នុងស្រុកសរុបប្រចាំឆ្នាំរបស់រាជធានីភ្នំពេញ ក៏នឹងធ្វើឱ្យគម្លាតមួយតិច ជាមួយនឹងផលិតផលក្នុងស្រុកសរុបនៅកន្លែងដទៃទៀតក្នុងប្រទេសកម្ពុជា។

ទោះជាផ្ទៃដីសរុបបច្ចុប្បន្នមានចំនួន ៦៧៨ ៤១៦គីឡូម៉ែត្រការ៉េ ក៏ដោយ ក៏ផ្ទៃដីរាជធានីភ្នំពេញនៅមានលក្ខណៈតូចចង្អៀត បើប្រៀបធៀបទៅនឹងផ្ទៃដីទីក្រុងធំៗពីររបស់វៀតណាម គឺទីក្រុងហាណូយ មានប្រជាជន ២,៧លាននាក់ លើផ្ទៃក្រឡា ៩១៨គីឡូម៉ែត្រ ក្នុងនោះមានប្រជាជនចំនួន ៤៤៦ ០០០នាក់រស់នៅក្នុងទីក្រុង នៅឆ្នាំ១៩៩៩ គឺលើសប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញប្រហែល ១/៣ (១ ០៧៨ ០០០នាក់ រួមទាំងខេត្តកណ្ដាល នៅឆ្នាំ១៩៩៨) ក្នុងស្ថានភាពដែលទីក្រុងហាណូយមានកំណើនប្រជាជនយឺតជាងនៅរាជធានីភ្នំពេញ (២,២% រីឯភ្នំពេញមាន ៤,៤%) ផ្ទៃដីហាណូយធំជាងរាជធានីភ្នំពេញ ២ដងកន្លះ។ បើតាមអនុក្រឹត្យដដែល បានបន្តថា  ទីក្រុងហូជីមិញ មានប្រជាជន ៥,៥លាននាក់ ឆ្នាំ១៩៩៨ នៅលើផ្ទៃដី ២,០៩គីឡីម៉ែត្រក្រឡា គឺស្មើនឹងប្រជាជនរស់នៅរាជធានីភ្នំពេញចំនួន ៣ដង ក៏ប៉ុន្តែមានព្រំដែនរដ្ឋបាលធំជាង ៤ដងឯណោះ។

«ដើម្បីឱ្យរាជធានីភ្នំពេញ មានទំហំដូចទៅនឹងទីក្រុងទាំងពីរខាងលើ រាជរដ្ឋាភិបាល នឹងពង្រីកព្រំដែនរាជធានីភ្នំពេញនៅក្នុងរង្វង់ទំហំ ៣០គីឡូម៉ែត្រជុំវិញ ដោយគ្របលើផ្ទៃដីខាងជើងស្ទើរទាំងអស់នៃខេត្តកណ្ដាល»។ បើតាមការបញ្ជាក់នៅក្នុងអនុក្រឹត្យ បានបន្តថា បច្ចុប្បន្ន មានប្រជាជនជាង ១៥០ ០០០នាក់នៃទីប្រជុំជនក្រុងភ្នំពេញ ដែលរស់នៅខាងក្រៅដែនរាជធានី ពោលគឺនៅក្នុងខេត្តកណ្ដាល ជាពិសេសនៅតាខ្មៅដែលជាផ្លូវចូលភាគខាងត្បូង និងនៅច្រកចូលផ្សេងទៀតតាមបណ្ដាយផ្លូវជាតិលេខ១ លេខ៣ លេខ៤ និងលេខ៥។

ចំនួនប្រជាជនដែលធ្វើបម្លាស់ទីទៅមកប្រចាំថ្ងៃចូលភ្នំពេញប្រមាណ ២៥០ ០០០នាក់ និងពលករដែលមកបំពេញការងារក្នុងរាជធានីភ្នំពេញមានចំនួនប្រមាណ ៤០០ ០០០នាក់។ ដូច្នេះចំនួនប្រជាជនរស់នៅប្រចាំថ្ងៃរបស់រាជធានីភ្នំពេញមានប្រមាណច្រើនជាង ២ ០០០ ០០០នាក់។ បើតាមការបន្តរបស់អនុក្រឹត្យខាងលើ បានបន្តទៀតថា ការបោះទីតាំងសកម្មភាពសេដ្ឋកិច្ចនានា ក៏មិនសុទ្ធតែស្ថិតនៅក្នុងព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញសព្វថ្ងៃនេះដែរ ពោលគឺស្ថិតនៅក្នុងក្រុងតាខ្មៅ និងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ និងលេខ៤។ អមផ្លូវជាតិ៤ សព្វថ្ងៃទទួលរោងចក្រជាង ៥០ នៅក្នុងចន្លោះចម្ងាយពី ២០គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញ។

វិទ្យាសា្ថនជាតិស្ថិតិប្រមាណថា ក្រុងភ្នំពេញនឹងមានប្រជាជនរស់នៅផ្ទាល់អចិន្ត្រៃយ៍ប្រមាណ ១ ៩៨៣ ០៤០នាក់ នៅពេលអនាគតឆ្នាំ២០៣៥ ដែលស្របនឹងឆ្នាំនៃទិសដៅប្លង់គោល ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនាពេលនេះ។ បើតាមការបន្ថែមនៅក្នុងអនុក្រឹត្យដដែល បានបន្ថែមទៀតថា ជាមួយគ្នានេះ សាលារាជធានីភ្នំពេញបានធ្វើចំណោលប៉ាន់ស្មានថា នឹងមានប្រជាជនប្រមាណ ២ ២៦៦ ២៨៩នាក់ នៅក្នុងទីប្រជុំជនក្រុងភ្នំពេញ ដោយរាប់បញ្ចូលទាំងប្រជាជននៃឃុំនានាជាប់នឹងទីក្រុងនៃទីប្រជុំជននៅក្នុងខេត្តកណ្ដាលផងដែរ ហើយប្រមាណថា មានប្រជាជនចំនួន ២ ៥៤៤ ៦៥៩នាក់ ដែលនឹងរស់ក្នុងទីក្រុងធំទាំងមូលនោះ។ ដូច្នេះ ប្រជាជនពាក់កណ្ដាលនៃខេត្តកណ្ដាលនឹងត្រូវផ្សារភ្ជាប់ជាមួយនឹងការងារនៅក្នុងទីប្រជុំជនរាជធានីភ្នំពេញសម្រាបគោលដៅនៃគម្រោងប្លង់គោលនេះ ជាមួយនឹងការីកឡើងនូវផ្ទៃដីទីក្រុងធំមួយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)