Register Already an agent ? Login

រាជរដ្ឋាភិបាល នឹងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានប្រជាជន ៦លាននាក់ ក្នុងឆ្នាំ២០៣៥

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រីករាជធានីភ្នំពេញនៅក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាបដែលមានប្រជាជនរស់នៅជាង ៦លាននាក់ នៅឆ្នាំ២០៣៥។ នេះបើតាមអនុក្រឹត្យ ស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥។

រាជធានីភ្នំពេញ គឺប៉ូលសេវាកម្មកណ្ដាលមួយនៃតំបន់ប្រមូលផ្តុំនូវប្រជាជនជាង ៦លាននាក់នៅក្នុងកាំរង្វង់ចំងាយ ១០០គីឡូម៉ែត្រជុំវិញដែលប្រហាក់ប្រហែលនឹងទីក្រុងមួយចំនួននៅអាស៊ីអាគ្នេយ៍ដូចជា ទីក្រុងបាំងកកបម្រើប្រជាជនជាង ៩លាននាក់ ទីក្រុងហាណូយបម្រើប្រជាជន ៨លាននាក់ ទីក្រុងហូជីមិញ ៧លាននាក់ សិង្ហបុរី ៤លាននាក់ និងទីក្រុងកូឡាឡាំពួ ៤លាននាក់។

ការពង្រីកនូវតួនាទីទីក្រុងសំខាន់ៗនៃខេត្តនានា  និងការជំរុញឱ្យលេចឡើងនូវរចនាសម្ព័ន្ធរូបនីយកម្មដែលមានការអភិវឌ្ឍប្រកបដោយតុល្យភាពសុខដុមនីយកម្មជាមួយគ្នាជាកត្តាសំខាន់មួយក្នុងការជំរុញអភិវឌ្ឍដែនដីទាំងមូល។ ជាពិសេសគឺសម្រាប់ប្រជាជនជាង ៦លាននាក់(ដែលស្មើនឹងជិតពាក់កណ្ដាលនៃប្រជាជនសរុបរបស់ប្រទេស) ដែលរស់នៅក្នុងតំបន់វាលទំនាបស្ថិតនៅក្នុងរង្វង់ ១០០គីឡូម៉ែត្រជុំវិញ ដែលចំនួននេះនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣៥។

កំណើនប្រជាជនរាជធានីភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យរាជរដ្ឋាភិបាលត្រូវពង្រីកទីក្រុងជាបន្តបន្ទាប់ផងដែរ ដោយបានកាត់ដីពីខេត្តជាប់រាជធានីភ្នំពេញ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលសាលារាជធានីភ្នំពេញជាបន្តបន្ទាប់ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏សម្រេចដាក់ដំណើរការ និងឱ្យប្រើប្រាស់ប្លង់គោលដីនៅរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០៣៥ ផងដែរ។

បើតាមអនុក្រឹត្យខាងលើនេះឱ្យដឹងថា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយជាតិស្ដីពី ការរៀបចំដែនដីរបស់រាជរដ្ឋាភិបាលកម្ពុជា ចក្ខុវិស័យនៃយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍រាជធានិភ្នំពេញ គឺភ្នំពេញ ជាបេះដូងរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅចំណុចពិសេសនៃប្រសព្វទន្លេបួនហៅថាទន្លេចតុមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព។

នៅក្នុងអនុក្រឹត្យដដែល បានលើកឡើងថា ភ្នំពេញជាប៉ូលអភិវឌ្ឍន៍ស្នូល​ ដែលមានរាជធានីតូចមួយនៃអាស៊ីអាគ្នេយ៍ត្រូវជម្នះឧបសគ្គសំខាន់ៗជាច្រើន ជាមួយនឹងប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណ ១ ៣២៥ ៦៨១នាក់។ ភ្នំពេញ ស្ថិតនៅទីតាំងភូមិសាស្រ្តតូចមួយ ហាក់ដូចជានៅឆ្ងាយពីលំហូរធំៗនៃសេដ្ឋកិច្ចពិភពលោក និងជាទីក្រុងតូចមួយបើប្រៀបធៀបទៅនឹងទីក្រុងធំៗនៅអាស៊ីអាគ្នេយ៍មានដូចជា ហ្សាការតា ម៉ានីល បាងកក ហូជីមិញ សិង្ហបុរី។

បើតាមអនុក្រឹត្យបានបញ្ជាក់ «ក្នុងស្ថានភាពនេះ រាជធានីភ្នំពេញ ត្រូវជម្នះឧបសគ្គសំខាន់ៗ ដើម្បីកំណត់និងលើកតម្លៃឡើងវិញនូវទីតាំងនិងអត្តសញ្ញាណរបស់ខ្លួននៅក្នុងតំបន់ និងធ្វើឱ្យប្រសើរឡើងវិញនៅក្នុងបណ្ដាញនាំការផ្លាស់ប្តូរពាណិជ្ជកម្មឈានទៅពង្រឹងឱ្យបាននូវគុណសម្បត្តិទាក់ទាញនិងការប្រកួតប្រជែងរបស់ខ្លួន»៕

ដោយ៖ មឿន ឌីណា  (Moeun Dyna)