Register Already an agent ? Login

គម្រោងស្ដារផ្លូវជាតិលេខ៣៣ ប្រវែង ៥២គីឡូម៉ែត្រ បានសិក្សាបញ្ចប់ មន្រ្តីបច្ចេកទេសក្រសួងចុះពិនិត្យស្ថានភាពផ្លូវ

កំពត៖ ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ គម្រោងស្ដារផ្លូវនេះ មានប្រវែងសរុប ៥២គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត ទៅព្រំដែនលក (ឬព្រំដែនកម្ពុជា វៀតណាមព្រែកចាក)។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត និងខេត្តកែប ក្រុមការងារនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ផងដែរ។

ក្នុងដំណើរចុះពិនិត្យនេះ ក្រុមការងារបច្ចេកទេស បានចុះពិនិត្យមើលលទ្ធភាពសាងសង់ស្ពាន ឆ្លងកាត់ផ្លូវដែលស្ថិតនៅក្រៅកិច្ចសន្យាគម្រោង មានទីតាំងឋិតនៅមុខសាកលវិទ្យាល័យខេត្តកែប តាមការស្នើសុំសាងសង់ពីសាលាខេត្តកែប ក្នុងនោះក្រុមការងារបានចុះពិនិត្យមើលផលប៉ះពាល់ទីតាំង ជាក់ស្តែង និងបានជជែកពិភាក្សាលម្អិតទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលមានចែងនៅក្នុង សៀវភៅបន្ទុកផងដែរ។

បើតាមការបញ្ជាក់របស់ លោក​ ប៉ាល់ ចន្ទតារា ដែលបានចុះពិនិត្យឱ្យដឹងថា គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នឹងចាប់ផ្ដើមស្ថាបនាក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនទទួលសិទ្ធិសិក្សាគម្រោងនេះ គឺ China Road and Bridge Corporation ហើយក្រុមហ៊ុនផ្តល់ប្រឹក្សាគឺ Sawac Consultants (Cambodia) Co Ltd។ ចំណែកឯថវិកាប៉ាន់ស្មានសម្រាប់អនុវត្តគម្រោង មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែនឹងសាងសង់ឡើងក្រោមកម្ចីពីប្រទេសចិន ព្រមជាមួយនឹងផ្លូវជាតិ ២ខ្សែទៀត៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)