Register Already an agent ? Login

កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជាង ៩ម៉ឺននាក់ រយៈពេល ៥ខែ ទោះបីមានជំងឺរាតត្បាតសកលកំពុងវាយគ្រប់តំបន់ក្ដី

ភ្នំពេញ៖ រយៈពេល៥ខែ ឆ្នាំ២០២១ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៩១,៥៩៦នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ធ្លាក់ចុះ ៩២,២ភាគរយ បើធៀបនឹងឆ្នាំ២០២០។ បើតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានបញ្ជាក់ «ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម»។

ក្នុងចំណោមអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរចូលមកប្រទេសកម្ពុជានេះ ភាគច្រើនគឺជាអ្នកទេសចរ អ្នកជំនួញ អ្នកវិនិយោគជាដើម ដែលពួកគេចេញចូលមកត្រួតពិនិត្យក្រុមហ៊ុនរបស់ខ្លួននៅប្រទេសកម្ពុជា។ បើតាមការបញ្ជាក់របស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

បើតាមរបាយណ៍ខាងលើបានបញ្ជាក់ថា ក្នុងរយៈពេល៥ខែកន្លងទៅនេះ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេទាំង ១០ រួមមាន៖ ភ្ញៀវជនជាតិថៃមានចំនួន ៤៦,៣៩៥នាក់ ជនជាតិចិនមានចំនួន ២៧,៦៩៣នាក់ ជនជាតិវៀតណាមមានចំនួន ៥,៨៣៣នាក់ ជនជាតិឥណ្ឌូណេស៊ីមានចំនួន ៣,១៣៨នាក់ ជនជាតិកូរ៉េខាងត្បូងមានចំនួន ១,៥៧៦នាក់ ភ្ញៀវមកពីកោះតៃវ៉ាន់មានចំនួន ១,២៨៨នាក់ ជនជាតិអាមេរិកមានចំនួន ១,២៦៧នាក់ ភ្ញៀវជនជាតិម៉ាឡេស៊ីមានចំនួន ៧៤៩នាក់ ភ្ញៀវជនជាតិជប៉ុនមានចំនួន ៦៨៧នាក់ ភ្ញៀវជនជាតិបារាំងមានចំនួន ៥៤៩នាក់។

នៅក្នុងបាយការណ៍ បានរំឭកថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ១,៣៦,១៤៣ នាក់ ធ្លាក់ចុះ ៨០,២ បើធៀបនឹងឆ្នាំ២០១៩៕

ដោយ៖ មឿន ឌីណា (Moeun Dyna)