Register Already an agent ? Login

រដ្ឋបាលខេត្តកោះកុង កាត់ដីទំហំ ១ ១០២ហិកតា តាមការស្នើសុំរបស់ក្រសួងការពារជាតិ ដើម្បី​អភិវឌ្ឍ​ជា​តំបន់​អភិវឌ្ឍន៍

កោះកុង៖ ក្រសួងការពារជាតិ បានទទួលដីបម្រុងពី រដ្ឋបាលខេត្តកោះកុងទំហំប្រមាណ ១ ១០២ហិកតា សម្រាប់​រៀបចំ​ជា​តំបន់​អភិវឌ្ឍន៍​ មាន​ទីតាំង​ស្ថិត នៅ​ឃុំ​ជ្រោយប្រស់​នៃ​ស្រុក​កោះកុង​។ បើតាមការថ្លែងឱ្យដឹងពី លោក សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង បានបន្តថា រដ្ឋបាល​ខេត្ដ​ផ្ដល់​ដី​ជាង​ ១ពាន់​ហិកតា​នេះ គឺ​តាមរយៈ​ការស្នើសុំ​របស់​ក្រសួង​ការពារជាតិ កាលពី​២​ខែ​កន្លងទៅ។

​ដីទំហំជាង ១ពាន់ហិកតា ក្រសួង​ការពារ​ជាតិ គ្រោង​រៀបចំ​ជា​តំបន់​អភិវឌ្ឍន៍​ដែល​នឹងមាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ស្របតាម​បណ្ដោយ​មាត់សមុទ្រ​ចាប់ពី តំបន់​តារាសាគរ​រហូត​ដល់​ទីរួមខេត្ដ​កោះកុង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដែលមាន​ឈ្មោះថា​ តំបន់អភិវឌ្ឍសម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​តំបន់​វិស្សមកាល​ក្រសួង​ការពារជាតិ។ បើតាមការថ្លែងបន្តរបស់ លោក សុខ សុទ្ធី។

បើតាមការថ្លែង របស់សម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្មីៗនេះថា តាមរយៈគម្រោងការអភិវឌ្ឍនេះនឹងធ្វើឡើងនៅតំបន់ឃុំជ្រោយប្រស់ និងតំបន់មួយចំនួនទៀតនៃស្រុកកោះកុង ដោយរៀបចំឱ្យមានការអភិវឌ្ឍឱ្យមានភាពជឿនលឿន និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគរ រហូតដល់ទីរួមខេត្ដកោះកុង។

 បើតាមការថ្លែងបន្តរបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ពេលវេលាក្នុងការចាប់ផ្ដើមអភិវឌ្ឍន៍តំបន់នេះមិនទាន់កំណត់បានទេ បច្ចុប្បន្នក្រុមការងារកំពុងលើកឡើងនូវគោលការណ៍ និងពិភាក្សាគ្នាលម្អិតលើគម្រោងអភិវឌ្ឍន៍តំបន់នេះ។

ទោះជាយ៉ាងណាព័ត៌មានលម្អិត នៃគម្រោងមានតម្លៃប៉ុន្មាន ហើយនឹងចាប់ផ្ដើមសាងសង់គម្រោងយ៉ាងដូចម្តេច និងនៅពេលណាមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ដោយ៖ មឿន ឌីណា (Moeun Dyna)