Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវតភ្ជាប់រវាងខេត្តកំពង់ធំ និងខេត្តក្រចេះ ប្រវែង ១០០គីឡូម៉ែត្រ ក្រុមវិស្វករចិនកំពុងចុះសិក្សា

ភ្នំពេញ៖ ក្រុម​វិស្វករ​ចិន​កំពុង​ចុះ​សិក្សា គម្រោងស្ថាបនាផ្លូវតភ្ជាប់រវាងខេត្តកំពង់ធំ និងខេត្តក្រចេះ ប្រវែង ១០០គីឡូម៉ែត្រ ​ធ្វើ​ចាប់​ពី​ស្ពាន​ទន្លេ​មេគង្គ​ថ្មី​ខេត្ត​ក្រចេះ​ ទៅ​ដល់​កំពង់ថ្ម​ក្នុង​ខេត្ត​កំពង់ធំ។ បើតាមការថ្លែងឱ្យដឹងពី លោក សាំង ប៊ុនថេង ប្រធាន​មន្ទីរ​សាធារណការ​ និងដឹកជញ្ជូន ខេត្ត​ក្រចេះ បានបញ្ជាក់ «គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី​នេះ រួម​ទាំង​ស្ពាន​ឆ្លង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ»។

តាមការសិក្សាផ្លូវជាតិថ្មីមួយខ្សែនេះ សាងសង់កាត់តាមស្រុកព្រែកប្រសព្វរហូតដល់កំពង់ថ្មខេត្តកំពង់ធំ មានប្រវែងជាង ១៣០គីឡូម៉ែត្រ។ បើតាមការថ្លែងបន្តរបស់​ លោក សាំង ប៊ុនថេង ដែលបានផ្ដល់បទសម្ភាស ដល់គេហទំព័រអចលនទ្រព្យអាស៊ីកាលពីថ្មីៗនេះ បានបន្តទៀតថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនេះ ទំនងនឹងធ្វើស្របគ្នាជាមួយនឹងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រវែងជាង ១៧០០ម៉ែត្រតភ្ជាប់រវាងក្រុងក្រចេះ ទៅកាន់ផ្នែកម្ខាងទៀត នៃខេត្តក្រចេះផងដែរ។

ផ្លូវ​ជាតិ​ថ្មី​មួយ​ខ្សែ​នេះ​គឺ​​ផ្លូវ៦០បេ រួម​ទាំង​ស្ពាន​ឆ្លង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ​ នឹង​រួម​ចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ​ខេត្ត​ក្រចេះ សម្រួល​ការ​ដឹក​ជញ្ជូននិងការ​​ធ្វើ​ដំណើរ​​របស់​ភ្ញៀវ​ទេសចរ​ ពី​តំបន់​ភាគ​កណ្ដាល​មក​តំបន់​ភាគ​ឦសាន ដែល​នឹង​រុញ​កំណើន​ការអភិវឌ្ឍ ​ និង​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​តាម​មូលដ្ឋាន។ បើតាមកាម=>ការថ្លែងបញ្ជាក់ របស់ ប្រធាន​មន្ទីរ​សាធារណការ​ និងដឹកជញ្ជូន ខេត្ត​ក្រចេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាស​បើក​សម្ពោធ​​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​យានយន្តធុនធ្ងន់ កាលពីថ្ងៃទី៤ កុម្ភៈកន្លងមក បានថ្លែងឱ្យដឹងថា ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ​​គ្រោង​បើកការដ្ឋាន​សាងសង់​នៅក្នុងឆ្នាំ​២០២១ ក្រោយ​ការសិក្សាបានបញ្ចប់។

ស្ពានឆ្លង​កាត់​ទន្លេ​មេគង្គ​ទីមួយ​របស់​ខេត្ត​ក្រចេះ មានប្រវែង ១៧៦១ម៉ែត្រ សាងសង់ឡើងក្រោមថវិកាកម្ចីសម្បទាន ពីរដ្ឋាភិបាលចិន ប្រើប្រាស់រយៈពេលចន្លោះពី២ ទៅ៣ឆ្នាំ។ ទីកន្លែង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំណត់ទីតាំង​​រួច​ហើយ នៅ​តែ​រង់ចាំ​ថ្ងៃ​​បើក​ការដ្ឋាន​តែ​ប៉ុណ្ណោះ។ បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល៕ 

ប្រភព៖ គេហទំព័រអចលនទ្រព្យអាស៊ី

ដោយ៖ មឿន ឌីណា (Moeun Dyna)