Register Already an agent ? Login

វឌ្ឍនភាព គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ នៅភ្នំពេញ សម្រេចបានជិត ១០០%

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូន រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន សម្រេចបាន ៩៨ភាគរយហើយ គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។ បើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងបាននិងអនុវត្តការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពីអង្កត់ផ្ចិត ១,៥ម៉ែត្រ ដល់ ២,៣ម៉ែត្រ សាងសង់អាងក្រោមដីដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រគូប មានទំហំបណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជំរៅ ៤ម៉ែត្រ និងសាងសង់ស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង១វិនាទី។

គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២។ បើតាមការបញ្ជាក់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៤ ដែលជាផ្នែកមួយនៃគម្រោង ក៏ត្រូវបានប្រកាសដាក់ឱ្យដំណើរការហើយដែរ។ បើតាមការផ្សាយរបស់គេទំព័រហសំណង់និងអចលនទ្រព្យ បានបន្តថា គិតមកដល់ពេលនេះ ម៉ាស៊ីនប្រមូលសម្រាមចំនួន ៤កន្លែង ក្នុងចំណោម ៥កន្លែង ត្រូវបានដាក់ឱ្យដំណើរការហើយ ដែលអាចជួយកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុហ៍ ផ្លូវលេខ១៩ ផ្លូវលេខ ១៥៤ ផ្លូវលេខ១៤៤ ផ្លូវលេខ១៣ និងមួយផ្នែកនៃភាគខាងកើតនិងខាងត្បូងវត្តភ្នំ។

ម៉ាស៊ីនថ្មីនេះ នឹងជួយធ្វើឱ្យប្រព័ន្ធលូនៅក្នុងទីក្រុងល្អប្រសើរជាងមុន ផ្តល់សុវត្ថិភាពដល់ក្រុមការងារ ព្រមទាំងការពារបរិស្ថានទឹក ដោយការយកសំរាមចេញពីប្រព័ន្ធលូ។​ ម៉ាស៊ីននេះ ជាផ្នែកមួយនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ របស់ JICA តម្លៃជាង ៣៦លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

សូមរម្លឹកថា គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩៕

ដោយ៖ មឿន ឌីណា (Moeun Dyna)