Register Already an agent ? Login

ឆមាសទី១ កម្ពុជាទទួលបានក្រុមហ៊ុនវិនិយោគវិស័យឧស្សាហកម្មធុនធំចំនួន ៧៩ក្រុមហ៊ុន ទុនសរុប ១៣ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៦ខែ ឆ្នាំ២០២១ កម្ពុជា ទទួលបានក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្មធុនធំចំនួន ៧៩ក្រុមហ៊ុន ដែលមានទុនសរុបប្រមាណ ១៣ពាន់លានដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី លោក ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តថា ដោយសារវិបត្តិជំងឺកូវីដ-១៩ អូសបន្លាយ បានធ្វើឱ្យការវិនិយោគវិស័យនេះធ្លាក់ចុះប្រមាណ ១៣៥ក្រុមហ៊ុន គិតត្រឹមចុងខែមិថុនាកន្លងទៅនេះ។

បើទោះ វិស័យឧស្សាហកម្មនេះ បានជួបប្រទះនូវវិបត្តិជំងឺសកលក្ដី ក៏ក្រសួងទទួលបានការចុះបញ្ជីឱ្យរោងចក្រឧស្សាហកម្មធុនធំចំនួន ៧៩ក្រុមហ៊ុន ដែលមានទឹកប្រាក់ប្រមាណ ១៣ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២០កន្លងទៅ។ បើតាមការថ្លែងបន្តរបស់ លោក ហេង សុខគង់ បានបន្តទៀតថា វិស័យនេះគឺមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះការវិនិយោគបានផ្តោតសំខាន់ទៅលើរោងចក្រកែច្នៃម្ហូបអាហារ និងរោងចក្រផលិតសម្ភារផ្នែកវិជ្ជសាស្រ្តជាដើម។

នៅក្នុងឆមាសទី១នេះ សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីនៅក្រសួង បានឈរនៅទ្រឹងមិនទាន់មានការប្រែប្រួល ព្រោះអ្នកវិនិយោគលើវិស័យទាំងនេះ អាចនឹងរង់ចាំឱកាសវិនិយោគបន្ត តែទោះបីយ៉ាងណាក្រសួងក៏កំពុងសិក្សា ពិនិត្យមើលអំពីលទ្ធភាពនៃការវិនិយោគ នៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺសកលនេះ។ បើតាមការបន្ថែមរបស់ លោក ហេង សុខគង់។

សម្រាប់បញ្ហានេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានកំពុងជជែកពិភាក្សា ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តលើផ្នែកពន្ធដារមួយចំនួន ដើម្បីធ្វើយ៉ាងណាជំរុញឱ្យខ្សែសង្វាក់ផលិតរបស់ពួកគេ បានដំណើរការដោយរលូន។ បើតាមការថ្លែងរបស់ លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលគេហទំព័រអចលនទ្រព្យអាស៊ីបានស្រង់សំដី។

ទាក់ទងនឹងការវិនិយោគនេះដែរ ឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគចំនួន ៦៩គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណ ២,៤ពាន់លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)