Register Already an agent ? Login

តំបន់អាទិភាពចំនួន ៦ ត្រូវបានកំណត់ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពសំខាន់ៗចំនួន៦ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រួមមាន៖ តំបន់របៀងអេកូទេសចរណ៍ តំបន់របៀងទេសចរណ៍វប្បធម៌ ក្រុងសែនមនោរម្យ តំបន់ស្រុកអូររាំង តំបន់ប្រជុំជននៃស្រុកកោះញែក និងតំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិភាក្សាលើរបាយការណ៍ បូកសរុបលទ្ធផលនៃការរៀបចំផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)។

តំបន់អាទិភាពសំខាន់ៗទាំង ៦ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រួមមាន៖

ទី១.តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។

ទី២.តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឱ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។ ទី៣.ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។ ទី៤.តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ។

ទី៥.តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេលអនាគត ដែលការអភិវឌ្ឍមានវិសាលភាពទូលំទូលាយជាងក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ។ ទី៦.តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។

ផែនការមេនេះ មានលក្ខណៈជាផែនការសមាហរណកម្មជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល ៥ឆ្នាំ (២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលបំណងសំខាន់ ៣គឺ៖

ទី១-ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍។ ទី២-ខេត្តមណ្ឌលគិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិត និងជាមជ្ឈមណ្ឌលសម្រាប់តំបន់ភាគឦសាន។ ទី៣-ខេត្តមណ្ឌលគិរី ជាខេត្តដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស។

ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រយៈពេល៥ឆ្នាំ បានកំណត់ចក្ខុវិស័យសំខាន់ៗ ដូចខាងក្រោម៖

*ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

*ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ ២លាននាក់ បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន ២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

*រួមចំណែកធ្វើឱ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

*រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកប ដោយសមធម៌ទៅដល់ភាគីដែលពាក់ព័ន្ធ៕

ដោយ៖ មឿន ឌីណា