Register Already an agent ? Login

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបានជាង ២១ភាគរយ

បន្ទាយមានជ័យ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យដឹងថាការងារនេះសម្រេចបាន ២១,០៥ភាគរយហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១។

បេសកម្មចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើ របស់ លោក ស៊ុន ចាន់ថុល ធ្វើឡើងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង តំណាង ស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំង និងទីលានកុងទីន័រ ហើយនិងអគាររដ្ឋបាលជាដើម។ គម្រោងនេះ ចំណាយថវិកាប្រមាណ ៨៣៥ ២៥០ ១៦៨បាត (ប្រមាណ ២៦,០៥៣,១២៣ដុល្លារ) ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) ចំណាយពេលសាងសង់ ២ឆ្នាំ។

ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ (កម្ពុជា-ថៃ)។

សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែនៅខេត្តសៀមរាប និងបានបន្តមកចុះពិនិត្យគុណភាពផ្លូវវាង ក្រុងសិរីសោភ័ណ ឋិតនៅក្នុងគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ហើយបន្ទាប់មក គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន៕

ដោយ៖ មឿន ឌីណា