Register Already an agent ? Login

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ ដោយផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៣

ភ្នំពេញ៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣០) ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយlលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ «ផែនការមេ» នេះ មានលក្ខណៈជាផែនការសមាហរណកម្មជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល (២០២១-២០៣៥) និងបណ្ដាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្ដេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ដោយផ្ដោតលើគោលបំណងសំខាន់ៗ ៣។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដោយផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ ទី១.ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍ ទី២.ខេត្តមណ្ឌលគិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិត និងជាមជ្ឈមណ្ឌលសម្រាប់ តំបន់ភាគឦសាន និងទី៣.ខេត្តមណ្ឌលគិរី ជាខេត្តដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយ ការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស»។

បើតាមលទ្ធផល នៃកិច្ចប្រជុំនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលនៃការរៀបចំ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» ដែលដឹកនាំដោយ លោក អូន ព័ន្ធមុនិរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

លទ្ធផលនៃកិច្ចប្រជុំនេះ បានបន្តឱ្យដឹងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ កំណត់ចក្ខុវិស័យសំខាន់ៗ ដូចខាងក្រោម៖

ទី១.ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ។

ទី២.ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ ២លាននាក់ បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន ២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

ទី៣.រួមចំណែកធ្វើឱ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូលជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់ រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

ទី៤.រក្សាតុល្យភាពឱ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្ស ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកប ដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

បើតាមលទ្ធផលកិច្ចប្រជុំដដែល បានបញ្ជាក់ តំបន់អាទិភាពសំខាន់ៗចំនួន៦ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ដូចខាងក្រោម៖

ទី១-តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍន៍សកម្មភាព ទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។ ទី២-តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឱ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។

ទី៣-ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។ ទី៤-តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់ ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ។

ទី៥-តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍ នាពេល អនាគត ហើយដែលការអភិវឌ្ឍមានវិសាលភាពទូលំទូលាយជាងក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ និងទី៦-តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការមេ និងសម្រេចជារួម គាំទ្រជាស្មារតីរួមលើខ្លឹមសារសំខាន់ៗនៃ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥។ ជាមួយគ្នា ក្រុមការងារបច្ចេកទេសត្រូវបញ្ចូលបន្ថែមធាតុចូលដែលទទួលបានពីកិច្ចប្រជុំនេះ ដើម្បីរៀបចំជាសេចក្តីព្រាងចុងក្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ មឿន ឌីណា