Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាបសម្រេចបានជិត ៦៤% គិតត្រឹមដំណាច់ខែនេះ

សៀមរាប៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបចំនួន ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន ៦៣,៨៧ភាគរយ ហើយ។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជូន លោក ស៊ុន ចាន់ថុល នាពេលដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគុណភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ កាលពីថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០២១។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើនរម្លឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ។

អង្គភាពសាងសង់ចំនួន៧ រួមមាន៖ ១.កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២.កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣.អគ្គនាយកដ្ឋាន សាធារណការ ៤.អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៥.នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៦.នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង៧.មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន ៩ក្រុម។

គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប មានគោលដៅប្រែក្លាយ ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យគុណភាពផ្លូវជាក់ស្តែង លោក ស៊ុន ចាន់ថុល បានច្រានចោលមតិរិះគន់នៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់សរសៃដែកតូច លួចគុណភាព មិនគោរពតាមស្តង់ដារបច្ចេកទេសសាងសង់ក្នុងការចាក់ផ្លូវបេតុង និងធ្វើឱ្យផ្លូវឆាប់ខូច។

លោក បានគូសបញ្ជាក់ពីសារសំខាន់នៃការសាងសង់ផ្លូវទៅតាម ស្ថានភាពភូមិសាស្ត្រជាក់ស្តែង ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ ពោលគឺក្រសួងមិនចាំបាច់ធ្វើផ្លូវស្តង់ដារតែមួយទេ កន្លែងណាដែលមានទឹកច្រើន ដឹកធ្ងន់ យើងត្រូវចាក់បេតុង ដូចជាផ្លូវក្រវ៉ាត់ក្រុង សៀមរាប ជាដើម។

លោក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំឱ្យអង្គភាពសាងសង់ និងក្រុមការងារត្រួតពិនិត្យបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវរៀបចំសណ្តាប់ធ្នាប់កុំឱ្យកកស្ទះចរាចរណ៍ និងស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និង ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ។

គួរគូសបញ្ជាក់ដែរថា ការសាងសង់ត្រូវបានបែងចែកជា ៤ប្រភេទរួមមាន៖ ១.ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់ ៥សង់ទីម៉ែត្រ ប្រវែងសរុប ៣៥,៨៧៦គីឡូម៉ែត្រ ២. ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់៥ ទៅ៧សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩គីឡូម៉ែត្រ ៣.ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់៥ ទៅ៧សង់ទីម៉ែត្រ ប្រវែងសរុប ១០,៨៨០ គីឡូម៉ែត្រ ៤.ផ្លូវស្ថាបនា ដោយក្រាលបេតុងសរសៃដែក កម្រាស់២០ ទៅ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២,៥៩៦គីឡូម៉ែត្រ។

សូមរម្លឹកថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀរាប ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤៩លានដុល្លារ ដោយក្នុងនោះ ចំនួន ៩លានដុល្លារ ចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែ។ គម្រោងនេះ ចំណាយពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា៕

ដោយ៖ មឿន ឌីណា