Register Already an agent ? Login

បារាំង សន្យាបង្កើនទំហំឥណទានសម្បទានក្នុង ១ឆ្នាំ ពី១០០ទៅ១២០អឺរ៉ូ ឱ្យកម្ពុជាស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានសន្យានឹងបង្កើនទំហំឥណទានសម្បទាន ក្នុងចន្លោះពី១០០ ទៅ១២០លានអឺរ៉ូ (ប្រមាណ ១១០ ទៅ១៤០លានដុល្លារ) ក្នុងមួយឆ្នាំ និងថែមទាំងជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមន៍អឺរ៉ុប និងប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្ដារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្តឱ្យដឹងថា ទំហំឥណទានសម្បទាន ដែលបារាំងសន្យាថានឹងបង្កើនពី ១១០ ទៅ១៤០លានដុល្លារ ក្នុង១ឆ្នាំ នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថជាមួយលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំកម្ពុជា។

នៅក្នុងជំនួបនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ លោកស្រី Eva ដែលបានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន នៅក្នុងរយៈបំពេញបេសកកម្មការទូតនៅកម្ពុជា រយៈពេល៤ឆ្នាំមកនេះ ពោលគឺពីឆ្នាំ២០១៧-ឆ្នាំ២០២១នេះ។ លោកបានបន្តថា បេសកកម្មការទូតរបស់លោកស្រី Eva បានចូលរួមចំណែកដល់សកម្មភាពអភិវឌ្សេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសវិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាសម្រេចបាននូវគម្រោងវិនិយោគសាធារណៈជាច្រើនទៀត។

លោកស្រី Eva បានលើកឡើងថា តាមរយៈ AFD រដ្ឋាភិបាលប្រទេសបារាំងបានប្តេជ្ញាសម្រេចគោលដៅ ក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការឱ្យបាន ០,៥៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២២ ដើម្បីចូលរួមអភិវឌ្ឍខឿនសេដ្ឋកិច្ច របស់ប្រទេសកំពុងអភិវឌ្ឍ ពិសេសប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើការប្រែប្រួលអាកាសធាតុ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥។

ឯកអគ្គរដ្ឋទូតបារាំងរូបនេះ ក៏សម្តែងនូវមោទកភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កបរិយាកាសវិនិយោគឯកជនដ៏ល្អប្រសើរ និងលើកទឹកចិត្តវិនិយោគគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសបារាំង ឱ្យមកស្វែងយល់ផ្ទាល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា