Register Already an agent ? Login

រដ្ឋសភាជាតិបានអនុម័ត លើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ-ថៃ

ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ បានអនុម័តរបៀបវារៈសំខាន់ៗ ពិសេសវិស័យអគ្គិសនី ឆ្លើយតបតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងវិស័យអគ្គិសនី រដ្ឋសភាបានអនុម័ត គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ និងពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។

លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដែលដឹកនាំ ដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានអនុម័តរបៀបវារៈមាន ៩ចំណុច ដែលបានគ្រោងទុក តែសូមលើកវិស័យអគ្គិសនីមកបង្ហាញជូនជាព័ត៌មានរួមមាន៖

ការអនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនស្មេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ និងពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។

ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម នៃរដ្ឋាភិបាលវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

សេចក្តីព្រាងច្បាប់ខាងលើ ដែលរដ្ឋសភាបានអនុម័តនាពេលនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សដែលមានតម្រូវការថាមពលអគ្គិសនីកើនឡើងជាលំដាប់។ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព នយោបាយ បាននាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ និងបានលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់។ បើតាមការបញ្ជាក់នៃលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ និតិកាលទី៦។

លទ្ធផលនៃកិច្ចប្រជុំដដែល បានបញ្ជាក់ទៀតថា «វិស័យថាមពល ជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងជំរុញការអភិវឌ្ឍ ទាំងប្រភពថាមពលនិងបណ្តាញបញ្ជូនអគ្គិសនី សំដៅធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាពនិងមានតម្លៃសមរម្យ»៕

ដោយ៖ មឿន ឌីណា