Register Already an agent ? Login

ប្រជាពលរដ្ឋក្រីក្រប្រមាណ ១៥០០០គ្រួសារ នឹងទទួលបានដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្ម តាមរយៈគម្រោង LASED ដំណាក់កាលទី៣

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រប្រមាណ ១៥ ០០០គ្រួសារនឹងទទួលបានដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ពួកគាត់នឹងមានការកើនឡើងតាមរយៈការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការរៀបចំគ្រប់គ្រងជាសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពទៅអនាគត។ ការទទួលបានដីនេះ គឺពីគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII)។ គម្រោងនេះមានថវិកាសរុប ១០៧លានដុល្លារ។

គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) គឺជាគម្រោងដែលធ្វើសកម្មភាព គាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែកដីដល់អ្នកក្រីក្រគ្មានដី តាមរយៈសម្បទានដីសង្គមកិច្ចក្នុងគោលបំណងលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រនិងក្រុមងាយរងគ្រោះ។

គម្រោងអនុវត្តការធ្វើសម្បទានដីសង្គមកិច្ចតាមមូលដ្ឋាន ឃុំដែលជាការផ្ទេរដីឯកជនរបស់រដ្ឋទៅដល់ជនក្រីក្រសម្រាប់គោលបំណងប្រើប្រាស់ជាលំនៅដ្ឋាន និងការធ្វើកសិកម្មតាមគ្រួសារដែលផ្តួចផ្តើមដោយឃុំនិងសមាជិករបស់ខ្លួនរួមមាន៖

ទី១.ចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្មរួមជាមួយនឹងសេវាកម្មគាំទ្រសមស្របទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទី២.ណែនាំ និងអនុវត្តដំណើរការដោយតម្លាភាពនិងស្តង់ដារដើម្បីពង្រីកការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើម ឡើងនៅមូលដ្ឋាន។

គម្រោងនេះចាប់អនុវត្តដោយបែងចែកជា ៣ដំណាក់កាល គឺ៖ ដំណាក់កាលទី១ (LASED-I ) ឆ្នាំ២០០៨-២០១៥, ដំណាក់កាលទី២ (LASED-II) ឆ្នាំ២០១៦-២០២១ និងដំណាក់កាលទី៣ (LASED-III) ឆ្នាំ២០២០-២០២៦។

គម្រោង LASED-III ជាគម្រោងមួយបន្តពីគម្រោង LASED-II ដែលទទួលកម្ចីឥណទានពីធនាគារពិភពលោក មានរយៈពេល ៦ឆ្នាំ ដែលចាប់អនុវត្តពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។ គម្រោងមានថវិកាសរុប ១០៧លានដុល្លារ ក្នុងនោះ ៩៣លានដុល្លារ ជាថវិកាខ្ចីពីធនាគារពិភពលោក (WB) និង ១៤លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងនេះ គ្របដណ្តប់លើខេត្តគោលដៅដែលមានដីសមស្របអំណោយផលសម្រាប់យកមកអនុវត្ត លើកលែងតែរាជធានីភ្នំពេញ ដែលផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាគាំទ្របច្ចេកទេសសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន។ ពួកគាត់នឹងមានលទ្ធភាពទទួលបានធនធានកសិកម្ម ការរៀបចំទៅជាកសិពាណិជ្ជករ និងសេវាសង្គមទូទៅ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់នៅក្នុងសហគមន៍នៃគម្រោងផងដែរ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED III) ក្រោមអធិបតីភាព លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈប្រព័ន្ធ Video Conference ដែលមានការអញ្ជើញចូលរួមរបស់ លោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

ក្នុងនោះក៏មានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តទាំង២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៤ខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង២៤ខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូនានា និងអង្គភាពជំនាញតាមខេត្តគោលដៅ ព្រមទាំងប្រជាពលរដ្ឋតាមខេត្តគោលដៅ សរុបប្រមាណជា ៥៥០នាក់។

គោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន៧១ ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង៤៦ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិ មានផ្ទៃដីសរុប ៣០ ០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិភាគតិច ១០ ០០០ហិកតា និងមានអ្នកទទួលផលសរុប ៦ ៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិត ១ ៥០០គ្រួសារ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀមចំដែនដី នគរូបនីយកម្ម និងសំណង ក្រោយចប់កិច្ចប្រជុំខាងលើ។

ក្រសួងបានបញ្ជាក់ សកម្មភាពរបស់គម្រោងផ្ដោតលើការងារសំខាន់ចំនួន៥គឺ ការងារសម្បទានដីសង្គមកិច្ច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់ទទួល៕

ដោយ៖ មឿន ឌីណា