Register Already an agent ? Login

គម្រោងជួសជុលផ្លូវជាតិលេខ៦ ពីស្តុបសុខាដល់ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាប សម្រេចបានជិត ៥០%

សៀមរាប៖ គម្រោងជួសជុលផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាប សម្រេចបានជិត ៥០ភាគរយហើយ គិតមកត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការថ្លែងឱ្យដឹងដោយ លោក គង់ វណ្ណសុភី ប្រធានបច្ចេកទេសនៃក្រុមហ៊ុន Gumkang Construction Co.,Ltd ដែលទទួលម៉ៅការជួសជុលកំណាត់ផ្លូវជាតិលេខ៦ បានបន្តថា កំណាត់ផ្លូវនេះមានប្រវែង ៥,៨០០ម៉ែត្រ ដែលបានអនុវត្តចាប់ពីខែតុលាឆ្នាំ២០២០មក។

លោក គង់ វណ្ណសុភី ថ្លែងបន្តថា ប្រសិនបើគ្មានការរាំងស្ទះទេ ការជួសជុសកំណាត់ផ្លូវនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ បច្ចុប្បន្នកំពុងតែក្រាលកៅស៊ូអេស៊ីបានពីរគន្លង ពីស្ថានីយប្រេងឥន្ធនៈកាល់តិចមកដល់ផ្លូវបំបែកស្តុបគ្រួស និងគន្លងខាងឆ្វេងចាប់ពីស្តុបគ្រួសមកដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ បានប្រវែងជិត ៤គីឡូម៉ែត្រហើយដែរ។

រយៈពេលកន្លងមក ការជួសជុលផ្លូវនេះបានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាខែ្សអគ្គិសនី បណ្តាញខ្សែកាបផ្សេងៗ ប្រព័ន្ឋលូ និងបណ្តាញកប់ក្រោមដីជាដើម។ បើតាមទិដ្ឋភាពជាក់ស្ដែង ដែល លោក គង់ វណ្ណសុភី ប្រធានបច្ចេកទេសនៃក្រុមហ៊ុនGumkang Construction Co.,Ltd បានជួបប្រទះ តែទោះជាយ៉ាងណាក្តី មកដល់ពេលនេះ គឺបានសហការជាមួយអាជ្ញាធរនិងភាគីពាក់ព័ន្ឋកែសម្រួល និងកាប់កាយយកចេញអស់ហើយមិនជួបជាបញ្ហាទៀតទេ។

ការពង្រីកកែលំអផ្លូវជាតិលេខ៦ ចាប់ផ្តេីមពីរាជដំណាក់ទៅរង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ចំណុចផ្លូវបត់ចូលទៅព្រលានយន្តហោះអន្តរជាតិសៀមរាបនេះ ត្រូវបានពង្រីកជា ៦គន្លង ក្នុងនោះមាន ៣គន្លងទៅ និង ៣គន្លងមក ជាថវិកាខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលត្រូវប្រើរយៈពេលមួយឆ្នាំ ដូច្នេះគ្រោងនឹងបញ្ចប់តាមគម្រោងផែនការនៅអំឡុងខែតុលាឆ្នាំ២០២១ ​នេះបើតាមការថ្លែងឱ្យដឹងរបស់  លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងអ្នកពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ (ទ្រូងកណ្តាល) ចាប់ពីស្តុបសុខារហូតដល់ព្រលានយន្តហោះ ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបែងចែកជា ៦គន្លង  (៣ទៅ ៣មក) និងមានផ្លូវថ្មើរជើង ផ្លូវកង់ផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ពីស្ដុបសុខាដល់រង្វង់មូលជ័យវរ្ម័នទី៧ មានប្រវែង ៥៨០០ម៉ែត្រ ទទឹងតួផ្លូវ ២១ម៉ែត្រ ជាគម្រោងអនុវត្ដន៍ដោយក្រសួង និងពីរង្វង់មូលជ័យវរ្ម័នទី៧ ដល់ព្រលានយន្ដហោះ មានប្រវែងប្រមាន ១៨០០ម៉ែត្រ ដែលអនុវត្តគម្រោងដោយអាកាសចរណ៍ស៊ីវិល។

ការដ្ឋានផ្លូវមួយខ្សែនេះនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆ្នាំ២០២១ បើមិនមានការរាំងស្ទះក្នុងករណីណាមួយទេនោះ ម្យ៉ាងទៀតផ្លូវមួយខ្សែនេះ គឺជាផ្លូវមួយដ៏មានសារៈសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកទស្សនាខេត្តសៀមរាប ហើយផ្លូវនេះក៏ជួយរំដោះការកកស្ទះក្នុងពេលរៀបចំពិធីបុណ្យផ្សេងៗផងដែរ៕

ដោយ៖ Moeun Dyna