Register Already an agent ? Login

ប្រតិភូរាជរដ្ឋាភិបាលចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ បច្ចុប្បន្នសម្រេចបានស្ទើរតែ ១០០% ហើយ

ភ្នំពេញ៖ វឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន បច្ចុប្បន្នសម្រេចបានស្ទើរតែ ១០០ភាគរយ។ បើតាម គណៈប្រតិភូចម្រុះ ចុះពិនិត្យ ដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ និងលោក ស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។

ក្រសួង ទុកសុពលភាពរយៈពេលមួយឆ្នាំជូនក្រុមហ៊ុនសាងសង់ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ ដើម្បីដំណើការតាមដានគុណភាពផ្លូវសិន មុននឹងក្រសួងចុះហត្ថលេខាសម្រេចទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់ ក្នុងគោលបំណងធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ។ បើតាមការថ្លែងបញ្ជាក់ របស់ លោក ស៊ុន ចាន់ថុល ដែលបានឆ្លើយតបទៅនឹងសំណួរក្រុមអ្នកសារព័ត៌មាន ខណៈ លោក​ ចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣។

លោក រដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវនេះបង្កប់ជញ្ជីងថ្លឹងទម្ងន់ក្រោមដីដែលអនុញ្ញាតឱ្យដឹងទាំងល្បឿន និងទាំងទម្ងន់ឡាន ហើយកាមេរ៉ាចាប់បានទាំងស្លាកលេខឡាន ដើម្បីថែរក្សាផ្លូវនេះឱ្យបានយូរអង្វែង ដូចដែលក្រសួងធ្លាប់បានអនុវត្តការសាកល្បងបានជោគជ័យនូវជញ្ជីងប្រភេទ នេះនៅឯស្ថានីយថ្លឹងយានយន្តព្រែកឯងកន្លងមក។

កន្លងមក ក្រសួងបានចាត់វិធានការ ដូចភ្លៀងរលឹមរួមមានការបង្កើតក្រុមការងារជញ្ជីងចល័តនៅតាមផ្លូវជាតិធំៗផងដែរ ដោយក្នុងនោះបាន ផាកពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់បានជាង ១០០គ្រឿង និងបានឃាត់យានយន្តទុករយៈពេល ១ឆ្នាំ។ បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ «ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ»។

នាឱកាសនោះ លោក រដ្ឋមន្រ្តី បានសំណូមពរឱ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នាចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក។ លោក បានទទូចដូច្នេះថា សូមកុំប្រថុយប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនថែម។

បើយើងរួបរួមគ្នា យើងមានផ្លូវថ្នល់ខ្វាត់ខ្វែងអាចធ្វើដំណើរស្រួល លឿន កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ អាចប្រកួតប្រជែង ទាក់ទាញទេសចរ និងអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា បង្កើតការងារធ្វើជូនប្រជាពលរដ្ឋយើង និងសូមរួមដំណើរជាមួយ សម្ដេច នាយករដ្ឋមន្ត្រី ក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យបានរុងរឿង ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។ បើតាមការលើកឡើងបន្ថែមរបស់ លោក ស៊ុន ចាន់ថុល។

គូសបញ្ជាក់ថា គម្រោងផ្លូវនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារ ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះ គម្រោងនេះសម្រេចបានស្ទើរតែ១០០ភាគរយ ហើយ។

កំណាត់ចោមចៅ-បែកគូស-កំពតនេះ ត្រូវបានបែងចែកជា ២ផ្នែក៖

គីឡូម៉ែត្រ ០+០០០ (ចោមចៅ) ដល់គីឡូម៉ែត្រ ៦៩+៩០០ (បែកគូស)៖ មានប្រវែង ៦៩,៩០គីឡូម៉ែត្រ ត្រូវសាងសង់ពង្រីកទទឹងតួផ្លូវ រហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង។ គីឡូម៉ែត្រ ៦៩+៩០០ (បែកគូស) ដល់គីឡូម៉ែត្រ ១៣៤+៧៩៦ (ទីរួមខេត្តកំពត)៖ ប្រវែង ៦៤,៨៩៦គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន៖ ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០ភាគរយ ចំនួន ២កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាបង្ហាញទិសដៅផ្លូវ កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន ១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ២កន្លែង ដោយគ្រោងបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ៕

ដោយ៖ Moeun Dyna