Register Already an agent ? Login

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង ៧៦លានដុល្លារ នៅឆ្នាំ២០២០ ថយចុះ ៧ភាគរយ

ព្រះសីហនុ៖ អាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន ៦ ៦០១ ៨០៤តោន កើនឡើង 0,៨៣ភាគរយ បរិមាណនាវាឆ្លងកាត់មានចំនួន ១៥៨២គ្រឿង ថយចុះ ៤,៨១ភាគរយ បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ៦៤១ ៨៤២TEUs កើនឡើង ០,៤១ភាគរយ និងចំណូលសរុបមានចំនួន ៣១១ ៨១៣ ៧៦៩ ០០០រៀល (៧៦,៧០៦,១៨៧.១៧៤ដុល្លារ) ថយចុះចំនួន ៧ភាគរយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង ១៣០០ម៉ែត្រ គុណ ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ គុណ ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង ២៥០ម៉ែត្រ គុណ ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង ៦៥០ម៉ែត្រ គុណ ២០០ម៉ែត្រ។

ដោយឡែក ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង ៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ម៉ែត្រ និងជំហានទីបីប្រវែង ៣០០ម៉ែត្រផងដែរ។

លោក ស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសកម្មភាពការងារជាក់ស្តែងក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍន៍នានា ផងដែរ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយលក់ភាគហ៊ុនបានបញ្ចុះតម្លៃ១០ភាគរយ នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុបំណង៕

ដោយ៖ Moeun Dyna