Register Already an agent ? Login

លោក អ៊ិត សំហេង ស្នើស៊ុយ អ៊ែត អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសកាន់តែរីកចម្រើន

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានស្នើសុំប្រទេសស៊ុយ អ៊ែត ជួយគាំទ្រដល់វិស័យការងាររបស់កម្ពុជាបន្តទៀត ជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។

ការស្នើខាងលើរបស់ លោក អ៊ិត សំហេង នៅក្នុងជំនួបសំដែងការគួរសម និងជំរាបលា របស់លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា នៅថ្ងៃទី២២ ​ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវផុតអាណត្តិការទូត គ្រោងចាកចេញពីកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។

នៅក្នុងជំនួបនោះភាគីទាំងពីរបានសំដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលភាគីទាំងពីរក៏មានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនដែលកំពុងបន្ត និងសមិទ្ធផលជាច្រើនដែលភាគីទាំងពីរខិតខំសម្រេចបាន។

លោក រដ្ឋមន្រ្តី បានថ្លែងអំណរគុណភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) ដែលជួយគ្រាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តរួមគ្នានូវគម្រោងចំនួន២  គម្រោងទី១ស្តីពី «ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា» បានបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ និងទី២ស្តីពី «មគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សាសម្រាប់មធ្យមសិក្សា-ស្ពានចម្លងឆ្ពោះទៅកាន់ពិភពការងារ ចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២១។

ឯកអគ្គរាជទូត បានមានប្រសាសន៍ថា លោក ពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅ កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោក បញ្ជាក់ថា «ទំនាក់ទំនងកម្ពុជា-ស៊ុយអ៊ែត មានការរីកចម្រើនរឹងមាំជាលំដាប់ ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ហើយវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវក៏ជាសមិទ្ធផលមួយដែលភាគីស៊ុយអ៊ែតបាននិងកំពុងជួយគាំទ្រយ៉ាងពេញទំហឹងផងដែរ»។

លោក ទូតរូបនេះ ថ្លែងអំណរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដំបូងគេបង្អស់នៅក្នុងពិធីដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងឱកាសសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក។

លោក Björn Häggmark ឯកអគ្គរាជទូតយអ៊ែតប្រចាំកម្ពុជា ដែលត្រូវផុតអាណត្តិ បានមានប្រសាសន៍បញ្ជាក់ «ខ្ញុំនឹងនាំយកនូវព័ត៌មានល្អៗ និងសមិទ្ធផលដែលភាគីទាំងពីរខិតខំសម្រេចបានជម្រាបជូនទៅរាជរដ្ឋាភិបាលស៊ុយអ៊ែត ដើម្បីទទួលបាននូវការគាំទ្របន្តដល់រាជរដ្ឋាភិបាលកម្ពុជា»។ លោក ជឿជាក់ថា សហការីរបស់លោកដែលនឹងមកបន្តដំណែងជំនួសនឹងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីកម្ពុជា ហើយបន្តសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត។

គូសបញ្ជាក់ថា ភាគីទាំងពីរក៏បានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗ ដែលកម្ពុជា-ស៊ុយអ៊ែត បាននិងបន្តអនុវត្តសំដៅសម្រេចឱ្យបាននូវគោលដៅរួមទាំងកម្រិតជាតិនិងពិភពលោក រួមមាន៖ ១-គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative), ២-សិទ្ធិការងារ, ៣-ការអភិវឌ្ឍធនធានមនុស្ស៕

ដោយ៖ MoeunDyna