Register Already an agent ? Login

លោក ស៊ុន ចាន់ថុល ស្នើចិនផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេស បង្ហាត់បង្រៀនវិស្វករកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយ លោក Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន បានស្នើសុំការគាំទ្រ និងជំនួយលើវិស័យក៏ដូចជាមុខជំនាញជាច្រើនពីខាងមិត្តចិន ជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសជួយបង្ហាត់បង្រៀនវិស្វករកម្ពុជា ឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម។

នៅក្នុងជំនួបខាងលើធ្វើឡើងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដែលសមាសភាពគណៈប្រតិភូអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីភាគីមិត្តចិនក្នុងជំនួបនេះរួមមាន៖ លោក XU Chengguang ប្រធានគ្រប់គ្រងផែនការនគរូបនីយកម្ម លោក Li Yang អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក SHI Jun អគ្គនាយករងទទួលបន្ទុកបុគ្គលិក និងអប់រំ និងលោក Wang Tai អគ្គនាយករងផ្លូវហាយវ៉េ។

អង្គប្រជុំបានពិភាក្សាលើការចូលរួមសន្និសីទស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាពជាសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង ប្រទេសចិន ការកសាងសមត្ថភាព នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោក រដ្ឋមន្ត្រី បានប្រាប់អំពីវឌ្ឍនភាពនៃគម្រោងសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥ភាគរយ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ មុនការគ្រោងទុករយៈពេល៦ខែ ការសម្ពោធដាក់ឱ្យដំណើរការទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោ សែន សាធារណការ និង ដឹកជញ្ជូន ដែលជាមជ្ឍមណ្ឌលបណ្តុះបណ្តាលវិស្វករកម្ពុជាលើមុខជំនាញបច្ចេកទេសឱ្យចេះសាងសង់ផ្លូវ ស្ពានប្រកបដោយគុណភាពរឹងមាំ។

តបតាមការអញ្ជើញពីភាគីចិន លោក ស៊ុន ចាន់ថុល បានយល់ព្រមចូលរួមសន្និសីទស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាពសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ហើយលោក រដ្ឋមន្ត្រី ក៏បានអញ្ជើញលោក Li Xiaopeng ឱ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) ផងដែរ ដើម្បីយកឱកាសនេះមក ទស្សនកិច្ចគម្រោងសាងសង់ផ្លូវល្បឿនលឿនកម្ពុជា ហើយជាការឆ្លើយតបភាគីចិនបានយល់ព្រមតាមការអញ្ជើញនេះ។

លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោក Li Xiaopeng ដែលបានប្រាប់អំពីវិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិនមានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជា៕

ដោយ៖ Moeun Dyna