Register Already an agent ? Login

ភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៧ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេស នៅចុងសប្តាហ៍ទី២ នៃខែមិថុនា

ភ្នំ​ពេញ៖ នៅចុងសប្តាហ៍ទី២ នៃខែមិថុនា គឺចាប់ពីថ្ងៃទី១២ ដល់១៣ ខែមិថុនា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០,៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ ៧០,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤នាក់។ បើតាមការលើកឡើងឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖ រាជធានីភ្នំពេញ ១៤,៣៧៨នាក់, ខេត្តកំពង់ស្ពឺ ១០,៥១៥នាក់, ខេត្តកំពត ៧,៨៤៩នាក់, ខេត្តព្រះសីហនុ ៧,០៧៩នាក់, ខេត្តបាត់ដំបង ៦,៧៩៤នាក់ និងខេត្តកណ្តាល ៤,២០៨នាក់។ បើតាមការថ្លែងឱ្យដឹងបន្តទៀតរបស់ លោក ថោង ខុន បាន​បញ្ជាក់ ចំនួននេះមានការថយចុះប្រមាណ ៩.៥៩ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩ភាគរយ។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបន្ថែមឱ្យដឹងថា ដោយឡែកសម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង។

លោក ថោង ​ខុន បានថ្លែងបន្ថែមថា ការកើនឡើងនៃជំងឺកូវីដ-១៩ នៅតាមតំបន់ខ្លះៗនៃរាជធានីខេត្តមួយចំនួន បានធ្វើឱ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ ធៀបនឹងក្នុងសប្តាហ៍កន្លងមក ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរម្លឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំ» និង «៣ ការពារ»៕

ដោយ៖ Moeun  Dyna