Register Already an agent ? Login

រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យទីតាំងគម្រោងស្នើសុំអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៣គម្រោង នៅក្រុងខេមរភូមិ

កោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង និងលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៣គម្រោង ដែលមានដីទំហំសរុប ២៩,៩៨៤៣ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្រ្តសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៃខេត្តកោះកុង។

ការចុះពិនិត្យទីតាំងដីស្នើសូមវិនិយោគទីតាំងខាងលើ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ហើយក៏មានការចូលរួមពីលោកអភិបាលក្រុងខេមរភូមិន្ទ លោកអភិបាលរងស្រុកមណ្ឌលសីមា អាជ្ញាធរឃុំ សង្កាត់ពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្នើសុំវិនិយោគផងដែរ។

បើតាមគេហទំព័ររដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តក៏បានស្នើសុំនូវចំណុចមួយចំនួនដូចខាងក្រោម៖

សូមឱ្យម្ចាស់គម្រោងដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬកម្មសិទ្ធិឯកជន និងជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការជ្រើសរើសកម្លាំងពលកម្មពីមូលដ្ឋានដែលជាផ្នែកមួយ នៃការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។

 ជាមួយគ្នា ម្ចាស់គម្រោងត្រូវចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះនៅក្នុងនិងក្បែរទីតាំងស្នើសុំវិនិយោគទេសចរណ៍ធម្មជាតិ  ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវ និងសំរាម។ អ្វីដែលសំខាន់ ការអនុវត្តគម្រោងរបស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការ៕

ដោយ៖ Moeun Dyna