Register Already an agent ? Login

ក្រុមហ៊ុនកសិកម្មជប៉ុន មានបំណងវិនិយោគ ផលិត និងកែច្នែសណ្តែកសៀងនៅកម្ពុជា នាំទៅទីផ្សារជប៉ុនក្នុងបរិមាណច្រើន

ភ្នំពេញ៖ ក្រុមហ៊ុន Yamato Green ដែលមានបំណងចងសម្ព័ន្ធភាព និងចុះហត្ថលេខា MOU ជាមួយសម្ព័ន្ធកសិកម្មកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ចង់វិនិយោគផលិត និងកែច្នែ សណ្តែកសៀង ដោយប្រើបច្ចេកទេសដាំ ប្រមូលផល និងកែច្នៃជាប្រភេទអាហាររបស់សត្វ និងមនុស្សជាសំខាន់ ហើយនាំចេញទៅកាន់ទីផ្សារជប៉ុនក្នុងបរិមាណយ៉ាងច្រើន។ បើតាមកិច្ចជំនួបក្រៅផ្លូវការ រវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន និងនាយកក្រុមហ៊ុន Yamato Green  នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងជំនួបក្រៅផ្លូវការនេះ លោក នាយកក្រុមហ៊ុន Yamato Green បានបញ្ជាក់ «ការនាំចេញផលិតផលសណ្ដែកសៀងទៅកាន់ទីផ្សារជប៉ុនក្នុងបរិមាណយ៉ាងច្រើន ដូចបរិមាណអង្ករដែលកម្ពុជាបាននាំទៅកាន់ប្រទេសចិនដែរ»។ លោក​បានបន្តឱ្យដឹងថា កសិករជប៉ុន ក្រោយពីប្រមូលផលស្រូវរួចគេមិនទុកដីឱ្យនៅទំនេរ ពួកគាត់ចាប់ផ្តើមដាំសណ្តែងសៀងបន្ត ការប្តូរមុខដំណាំនេះមានប្រយោជន៍ពីរយ៉ាង ទី១-បញ្ជៀសសត្វល្អិត និងទី២-បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល។

លោក នាយកក្រុមហ៊ុននេះ បានលើកឡើងបន្តទៀតថា ប្រជាជនជប៉ុននិយមបរិភោគ សណ្តែងសៀង ដោយយកទៅកែច្នៃជាអាហារបានច្រើនប្រភេទ វាជាប្រភពប្រូតេអ៊ីនធញ្ញជាតិ ជំនួសប្រូតេអ៊ីនបានពីសាច់សត្វ។ លោក បន្ថែមថា ក្រុមហ៊ុនបានឃើញសក្តានុពលរបស់ធញ្ញជាតិនេះមាននៅតាមខេត្តជាប់បឹងទន្លេសាប មានដូចជា៖ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ដូច្នេះហើយ មានបំណងចង់វិនិយោគ។

នៅក្នុងជំនួបនេះ  រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង​សាខុន រីករាយនិងគាំទ្រ ដោយសារកម្ពុជា មានសក្តានុពលទាំងទិន្នផល និងប្រាក់ចំណូលបើធៀបជាមួយផលិតកម្មដំណាំស្រូវ។ លោក ថា ភាគច្រើនកសិករមិនទាន់ប្រើប្រាស់ដីដើម្បីទាញយកប្រយោជន៍ឱ្យអស់ពីលទ្ធភាពនៅឡើយ បើគម្រោងចូលជាធរមាននោះកសិករកម្ពុជាអាចបង្កើនប្រាក់ចំណូល និងជីវភាពល្អប្រសើរ។

សូមបញ្ជាក់ថា ជំនួបពិភាក្សាដែលមានលក្ខណមិត្តភាព និងសហប្រតិបត្តិការភាពជាដៃគូវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យសាកវប្បកម្ម (ដំណាំបន្លែ) នេះបានលើកយកប្រធានបទសំខាន់ៗដែលភាគីទាំងពីរឯកភាព និងមានឆន្ទ:រួមគ្នាថាត្រូវធ្វើការអភិវឌ្ឍក្នុងទិសដៅ ទី១-បង្កើនផលិតភាពផលិតកម្ម និងទី២-គឺការនាំចេញ៕

ដោយ៖ Moeun Dyna