Register Already an agent ? Login

ខេត្តព្រះសីហនុ ៤ឆ្នាំចុងក្រោយនេះ មានសំណង់តូចធំចំនួនជាង ១ពានអគារ និងទុនវិនិយោគសរុបជាង ៨០៤លានដុល្លារ

ព្រះសីហនុ៖ ការអភិវឌ្ឍខេត្តព្រះសីហនុ រយៈពេល ៤ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ មានសំណង់តូច ធំ ដែលបានអនុញ្ញាតឱ្យសាងសង់ចំនួន ១ ៥១៤អគារ និងទុនវិនិយោគសរុប ៨០៤៩ ៦៩២ ៨៣១ដុល្លា។

ស្របពេលដែលខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ដើម្បីឱ្យភ្ញៀវមកទស្សនា និងលេងកម្សាន្ត។ បើតាមការថ្លែងរបស់ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់ «ទោះបីជា​ប្រទេស​កម្ពុជា និង​ពិភពលោក​ព្រួយបារម្ភ​ចំពោះ​ជំងឺ​កូវីដ​-១៩​ក្តី ប៉ុន្តែ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​ការសាងសង់​សំណង់ផ្ទះ​ល្វែង វីឡា បុរី លំនៅឋាន​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​ខេត្ត​ព្រះសីហនុ នៅតែ​មាន​សកម្មភាព​ជា​បន្តបន្ទាប់​»​។

បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៤ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០២០ ខេត្ត​ព្រះសីហនុ​មាន​ក្រុមហ៊ុន​ចំនួន​ ២០ ​បាន​មក​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​លើ​កោះ និង​ឆ្នេរសមុទ្រ​នៅលើ​ផ្ទៃដី​សរុប ១១ ៦៣៧​ហិកតា ដោយមាន​ទុនវិនិយោគ​សរុប​ជាង ៣,៩ ​ពាន់​លាន​ដុល្លារ​។ បើតាមការបន្តរបស់ លោក គួច ចំរើន​ ថា ការវិនិយោគ​យើង​បើកទូលាយ យើង​ចង់បាន​អ្នកវិនិយោគ និង​អ្នកទេសចរ​មកពី​បរទេស ដោយ​យើង​អត់​កំណត់​ទិសដៅ​មកពី​ប្រទេស​ណា​ទេ។

សម្ដេច នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ដ-ក្រុងព្រះសីហនុ​កាលពី​ដើមខែ​មិថុនា ​ ឆ្នាំ២០២០​ថា ការស្ថាបនា​ផ្លូវ​ទាំង ៣៤​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ដ​ព្រះសីហនុ​ដោយ​រាជរដ្ឋាភិបាល​បានកំណត់​ផែនការ​ក្នុង​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​ចក្ខុវិស័យ​ឆ្នាំ២០៣០ គឺ​រៀបចំនិង​អភិវឌ្ឍន៍​ខេត្ត​នេះ​ជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។

រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ប្រមាណ ៣០០លាន​ដុល្លារ​ ក្នុង​ការកសាង​ផ្លូវ​ចំនួន ៣៤ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែលជា​ផ្លូវ​ប្រកបដោយ​ប្រណីតភាព​ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ បើតាមការថ្លែងបន្តរបស់ សម្ដេច បានបញ្ជាក់ «តាមរយៈ​ការអភិវឌ្ឍខេត្ដ​នេះ ​ជា​ទីក្រុង​ទំនើប​ជាមួយ​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ដែល​នឹង​ទាក់ទាញ​ទេសចរ និង​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​ពី​បរទេស ខេត្ដ​នេះ​ក៏​នឹង​បម្រើ​ដល់​ការរស់នៅ​ដ៏ល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ«​។

ខេត្តព្រះសីហនុ ជាខេត្តមាត់សមុទ្រ ដែលបានក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់សម្រាប់ប្រទេសកម្ពុជា ក្រៅពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្រៅពីកន្លែងទេសចរណ៍ និងច្រកចេញចូលទំនិញ ដែលមានកំពង់ផែធំជាងគេ ខេត្តព្រះសីហនុមានការលូតលាស់យ៉ាងលឿនរហ័សនូវសំណង់អគារចម្រុះ។

ក្រុងព្រះសីហនុកំពុងតែទាក់ទាញចំណាប់អារម្មណ៏ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនពីព្រោះតែខេត្តមួយនេះមានឆ្នេរសមុទ្រស្រស់ស្អាត។ ប៉ុន្តែវាមិនត្រឹមតែមានឆ្នេរស្រស់ស្អាត់ប៉ុណ្ណោះទេវាថែមទាំងមានទេសភាពដ៏ទាក់ទាញដែលធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្តឥតឈប់ឈរផងដែរ។ ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឱ្យក្រុងព្រះសីហនុជាទិសដៅវិនិយោគដ៏សំខាន់ផងដែរក្រៅពីរាជធានីភ្នំពេញ ជាពិសេសការអភិវឌ្ឍន៍កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើងក្នុងខេត្តព្រះសីហនុត្រូវបានចាត់ទុកជាអាទិភាព តួយ៉ាងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់គម្រោងសាងសង់ផ្លូវនិងស្ពានចំនួនបីកន្លែង។ គម្រោងសាងសង់ផ្លូវ១ដែលនឹងត្រូវបានសាងសង់ក្នុងភាពជាដៃគូគឺផ្លូវល្បឿនលឿនដែលនឹងតភ្ជាប់ទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ គម្រោងផ្លូវនេះត្រូវបានគេដាក់ឈ្មោះថាផ្លូវជាតិលេខ១១ ហើយមានទំហំទឹកប្រាក់ប្រមាណ ១,៩ពាន់លានដុល្លារ។

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គឺជាកម្លាំងសេដ្ឋកិច្ចរបស់ខេត្តនិងប្រទេស វាជាគោលដៅអភិវឌ្ឍន៍ស្របតាមនយោបាយអភិវឌ្ឍន៍របស់ចិនដែលមានឈ្មោះថា «ក្រវ៉ាត់មួយផ្លូវមួយ» ដែលគម្រោងផ្លូវនេះគឺជាផ្លូវសូត្រពាណិជ្ជកម្មអន្តរជាតិក្នុងសតវត្សរ៍ទី២១ គម្រោងនេះត្រូវបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុងព្រះសីហនុ និងក្រុង Wuxi របស់ប្រទេសចិនដែលជាទីក្រុងភ្លោះ៕

ដោយ៖​Moeun Dyna