Register Already an agent ? Login

សាធារណរដ្ឋឆែកសន្យា ចំពោះ សម្ដេច ហ៊ុន សែន នឹងជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស

ភ្នំ​ពេញ៖លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព នៅទីស្តីការនាយករដ្ឋមន្ត្រី បានសន្យាថា សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ បើតាមទំព័រហ្វេសប៊ុកផ្លូវការ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន។

នៅក្នុងជំនួបខាងលើ ដែលធ្វើឡើងនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក Martin Vávra បានថ្លែងបញ្ជាក់ «បេសកកម្មរបស់ លោក មកកាន់កម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែធំធាត់ឡើងបន្ថែមទៀត»។

ឯកអគ្គរដ្ឋទូតឆែក លោក Martin Vávra បានថ្លែងបន្តថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ សន្យាចំពោះ សម្តេច នាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ  សេដ្ឋកិច្ច  វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ។ លោក បញ្ជាក់ «ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស»។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក  Martin Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា។

នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន​ សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ សម្ដច មានប្រសាសន៍បញ្ជាក់ «លើសពីនេះទៅទៀត ក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម»។

បើតាមទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានឱ្យដឹងថា ពាក់ព័ន្ធទៅនឹងបេសកកម្មកាទូតរបស់ លោក Martin Vávra សម្ដេច បានស្នើឱ្យ លោក យកចិត្តទុកដាក់ទៅលើការជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម  វិនិយោគ  និងការអភិវឌ្ឍន៍ធនធានមនុស្ស។

សម្ដេច បានមានប្រមសាសន៍បន្ថែមថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់ ១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ។ សម្ដេច ក៏បានជូនពរ លោក ទូតឆែកថ្មីទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខ។ បើតាមទំព័រហ្វេសប៊ុក សម្ដេច ដដែល៕

ដោយ៖ Moeun Dyna