Register Already an agent ? Login

រយៈពេល ៥ឆ្នាំ កម្ពុជា ទទួលបានចំណូលពីការលក់ឥណទានកាបូនចំនួន ១១,៦លានដុល្លារ

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០១៦ មកដល់២០២១ កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ បើតាមកាថ្លែងឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា កម្ពុជាកំពុងតែសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

ការបោះជំហានចូលទៅក្នុងទីផ្សារលក់ឥណទានកាបូនដោយស័្មគ្រចិត្តកន្លងមក និងបន្តសិក្សាបន្ថែមទៀត គឺបញ្ជាក់ពីភាពប្រសើរឡើង នៃកិច្ចការពារតំបន់ធម្មជាតិរបស់កម្ពុជា។ បើតាមការថ្លែងបន្តរបស់ លោក នេត្រ ភក្ត្រា បានបន្តទៀតថា ក្រសួងបរិស្ថាន ដែលបានយុត្តាធិការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ នៅលើផ្ទៃដី ៧លាន ៣សែនហិកតា ក្នុងតំបន់ការពារធម្មជាតិជាង ៧០កន្លែង នៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការពង្រឹងទៅលើយុទ្ធសាស្ត្រ វិធីសាស្ត្រ ក្នុងការពារព្រៃឈើ។

ថវិកាដែលយើងបានពីការលក់ឥណទានកាបូន យើងបានប្រើប្រាស់ពីរមុខព្រួញ គឺទី១.ទៅលើការពង្រឹងលើការអភិរក្ស មានន័យថា យើងយកព្រៃឈើចិញ្ចឹមព្រៃឈើ និងទី២.ផលដែលទទួលមកគឺយើងផ្តល់ ការចូលរួមការអភិវឌ្ឍសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិ ដែលរស់នៅក្នុងតំបន់ និងរស់នៅជុំវិញតំបន់ការពារធម្មជាតិ។ បើតាមការថ្លែងន្ថែមរបស់ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានរម្លឹកថា ជាក់ស្តែងអត្ថប្រយោជន៍នៃគម្រោងរេដបូក នៅដែនជម្រកសត្វព្រៃកែវសីមា បានផ្តល់ផលប្រយោជន៍ទៅដល់ភូមិចំនួន២០ ដែលក្នុងមួយភូមិៗបានទទួលថវិកាចន្លោះពីជាង ១០,០០០ដុល្លារ ក្នុងមួយឆ្នាំ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហាររួមមាន៖ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង។ តំបន់ទាំង៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ទីតាំង ដើម្បីឱ្យមន្ត្រីជំនាញសិក្សាវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។

គម្រោងរេដបូក ដែលយើងរៀបចំនៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលយើងចាប់ផ្តើមពីតំបន់ដែល លោក នេត្រ ភក្ត្រា បានលើកឡើងខាងលើ គឺជាជំហានបឋម ដើម្បីឱ្យយើងអាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល។ បើតាមការថ្លែងរបស់ លោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS)។

លោក កែន សេរីរដ្ឋា បានថ្លែងបន្តថា សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រផ្នែកគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបច្ចេកទេស ដោយបានផ្តល់នូវកិច្ចគាំទ្រទៅលទិដ្ឋភាពផ្លួវច្បាប់ និងបច្ចេកទេសសម្រាប់ធ្វើលើកិច្ចការងារនេះ។ បន្ថែមនេះ អង្គការ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកា ក្នុងការដំណើរការទូទៅនេះជាដើម។

ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមកជាមោទកភាពមួយរបស់កម្ពុជា ដែលយើងបានចូលរួម ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន។ បើតាមការថ្លែងបន្តទៀតរបស់ នាយកកម្មវិធីរបស់អង្គ WCS លោក កែន សេរីរដ្ឋា បានបញ្ជាក់ «នេះជាមោទកភាពមួយដែលកម្ពុជាពីមុនត្រូវរងការរិះគន់ពីសំណាក់មហាជនមួយចំនួនថា កម្ពុជា ជាតំបន់មួយដែលបាត់បង់ព្រៃឈើ តាមការកាប់បំផ្លាញព្រៃឈើ»។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅទស្សនា និងស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល២ ថ្ងៃគឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយពីធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃនៅកម្ពុជា រួមទាំងកិច្ចការថែរក្សា អភិរក្សធនធានធម្មជាតិនៅកម្ពុជា របស់ក្រសួងបរិស្ថាន និងអង្គការដៃគូ៕

ដោយ៖ Moeun Dyna