Register Already an agent ? Login

រាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មដំបូងរបស់កម្ពុជា

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស ដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មដំបូងរបស់កម្ពុជា ​នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ បើតាមសារលិខិតជូនជនរួមជាតិ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តដោយមានមោទកភាពថា កម្ពុជាដែលដូនតាយើងបានប្រសិទ្ធនាម «ទឹកដីសុវណ្ណភូមិ» គឺជាទឹកដីវិសិដ្ឋព្រោះជាទឹកដីពោរពេញដោយកំណត់ទ្រព្យជាច្រើន ថ្ងៃនេះ​សក្ខីភាពថ្មីបានលេចចេញជារូបរាងឡើងហើយ។

នៅក្នុងសារលិខិតជូនជនរួមជាតិ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ ១៤ឆ្នាំ របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុ​នអូស្រា្តលីទីមួយ ដែលបានចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញនៅថ្ងៃនេះ ជាមាសដុំពាក់កណ្ដាលសម្រេចដែលមានអត្រាមាស ៩០ភាគរយ (Gold doré Bars)។

តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ​ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀតក្រោយរយៈពេលដំបូង។ បើតាមសារលិខិតជូនជនរួមជាតិ បានបន្តថា ជាការពិត មុននឹងឈានដល់ដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខណ្ឌសេដ្ឋកិច្ចនិងបច្ចេកទេសជាអាជីវកម្មធនធានរ៉ែឱ្យបានត្រឹមត្រូវតាមនិយាមអន្តរជាតិ។

មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្ដល់ផលប្រយោជន៍ជាចំណូលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារនិងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍេសេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានឹងសក្ដានុពលនេះ សម្ដេច​ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរម្លឹកថា ​អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិតប្រាកដ។ សម្ដេច បានបញ្ជាក់ ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ពីព្រោះថាវាជាអាជីវកម្មដែលមានគ្រោះថ្នាក់ខ្លាំង ត្រូវការដើមទុនច្រើននិងជំនាញពិតប្រាកដ។

ប្រមុរាជរដ្ឋាភិបាល បានបន្តថា អាជីវកម្មលក្ខណៈប្រពៃណី ដូចជាការរែង​ចម្រាញ់យកមាសដោយដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើន។ ទន្ទឹមនេះ ការធ្វើអាជីវកម្មទ្រង់ទ្រាយតូចៗបែបនេះក៏មិនអាចផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្មប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង។ ដូច្នេះ រាជរដ្ឋាភិបាល សូមអំពាវនាវ សូមឱ្យប្រជាពលរដ្ឋលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារ ឫលក្ខណៈខ្នាតតូចបន្តទៀត។

ស្របជាមួយការចាប់ផ្ដើមនៃអាជីវកម្មរ៉ែមាសខ្នាតឧស្សាហកម្មតាមស្ដង់ដារអន្តរជាតិជាលើកដំបូងនៅកម្ពុជា ប្រតិបត្តិការធនធានរ៉ែនៅតំបន់អូវខ្វាវនឹងបង្កើតបានជាគំរូមួយសម្រាប់នាំមុខដល់ការធ្វើអាជីវកម្មធនធានរ៉ែដទៃទៀត ស្របតាមគោលការណ៍អភិវឌ្ឍប្រកដោយចីរភាព។ បើតាមសារលិខិតរបស់ សម្ដេច ហ៊ុន សែន បានបន្ថែមទៀតថា ការចាប់ផ្ដើមនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់យើងនាពេលកន្លងមកនៅក្នុងវិស័យរ៉ែ​ ពិតជាអាចទាញយកធនធានធម្មជាតិក្រោម ដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាននិងសង្គម។

នៅក្នុងសារលិខិតដដែលបាន សង្កត់ធ្ងន់ដូច្នេះថា បណ្ដាក្រុមហ៊ុនរ៉ែទាំងអស់នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវបែបនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕

ដោយ៖ Moeun Dyna