Register Already an agent ? Login

ក្រុមហ៊ុនយក្សរបស់ចិន គ្រោងនឹងធ្វើរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា វិនិយោគទុនប្រមាណ ២៣៥លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន គ្រោងនឹងបោះទុនវិនិយោគប្រមាណ ២៣៥លានដុល្លារ នៅកម្ពុជា ដោយសាងសង់រោងចក្រផលិតសំបកកង់រថយន្តឱ្យបាន ៦លានសំបកក្នុង១ឆ្នាំ។ តាមការចេញផ្សាយរបស់គេទំព័រ European Rubber Journal កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានបន្តថា ក្រុមហ៊ុនយក្សនេះមានឈ្មោះ General Science Technology ដែលបានប្រកាសថានឹងមកវិនិយោគនៅកម្ពុជា កាលដើមខែមិថុនា កន្លងទៅ។

ក្រុមហ៊ុន General Science Technology គ្រោងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរំពឹងថានឹងចាប់ផ្តើមដំណើរការនៅខែកញ្ញា ឆ្នាំ២០២២​ខាងមុខ។ បើតាមការបន្តរបស់គេទំព័រខាងលើ បានបន្តទៀតថា ក្រុមហ៊ុននេះ មានមូលដ្ឋាននៅប្រទេសចិន បានចូលរួមយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ការផលិត និងលក់សំបកកង់រថយន្ត។

បច្ចុប្បន្ន មានក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងចូលមកវិនិយោគនៅកម្ពុជា ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ ដោយសារវ៉ាក់សាំងកូវីដ-១៩ បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ពីព្រោះអ្នកវិនិយោគធំៗពួកគេ ក៏លំបាកផងដែរប្រសិនជាពួកគាត់ចូលមក ត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល ១៤ថ្ងៃ។ បើតាមការថ្លែងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងបន្តថា ហេតុនេះការចូលមករបស់អ្នកវិនិយោគធំៗបាននិងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិជំងឺសកល។ លោក ថា ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ។

ការវិនិយោគរបស់ក្រុមហ៊ុនចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការលើកកម្ពស់ជីវភាព ការលើកស្ទួយសេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារសង្គម និងកិច្ចការមនុស្សធម៌ដែលបានជួយកម្ពុជាកន្លងមកនេះ។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានបន្តឱ្យដឹងថា បានសិក្សាស្រាវជ្រាវទៅលើក្រុមហ៊ុនចិន និងក្រុមហ៊ុនសហការវិនិយោករួមគ្នារវាងចិន-កម្ពុជា ៦ធំៗនៅកម្ពុជា មានដូចជា៖ ក្រុមហ៊ុនសាងសង់ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុនទំនិញរួចពន្ធ វារីអគ្គិសនី ដែលសុទ្ធសឹងជាក្រុមហ៊ុន ដែលនាំមុខក្នុងវិស័យវិនិយោគនៅកម្ពុជា។

ប្រទេសចិន គឺជាប្រទេសមួយដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា បើគិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ តួលេខទំហំវិនិយោគរបស់ក្រុមហ៊ុនចិនមានប្រមាណ ១ភាគ៥ នៃចំនួនទឹកប្រាក់វិនិយោគសរុបនៅកម្ពុជា។ បើតាមការថ្លែងរបស់ ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក កែវ ពិសិដ្ឋ បានបន្តថា បន្ទាប់ពីប្រទេសចិន គីក្រុមហ៊ុនវិនិយោគដែលមកពីប្រទេសកូរ៉េ អង់គ្លេស ម៉ាឡេ ជប៉ុន និងវៀតណាម។

«បច្ចុប្បន្នរដ្ឋាភិបាលចិន មិនត្រឹមតែជាដៃគូផ្តល់ជំនួយឥតសំំណង និងកម្ចីសប្បទានធំជាងគេនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចិនក៏ជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ដូចជាវិស័យឧស្សាហកម្មវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង វិស័យសំណង់និងអចលនទ្រព្យ វិស័យគមនាគមន៍ វិស័យថាមពលអគ្គិសនីជាដើម»។ បើតាមការបញ្ជាក់របស់ លោក កែវ ពិសិដ្ឋ បានបន្ថែមថា គម្រោងវិនិយោគរបស់ចិនបាននិងកំពុងចូលរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចជាតិ និងសង្គមនៅកម្ពុជា៕

ប្រភព៖ គេហទំព័រអចលនទ្រព្យអាស៊ី

ដោយ៖ Moeun Dyna