Register Already an agent ? Login

គម្រោងធ្វើអគាររដ្ឋបាលក្រុងបូកគោថ្មី ស្ថិតនៅជិតរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត

កំពត៖ គម្រោងសាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី ស្ថិតនៅជិតប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើងរមណីយដ្ឋានឋានសួគ៌បូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ បើតាមការជ្រើសរើស របស់អភិបាលខេត្តកំពត លោក ជាវ តាយ ដែល អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group បានបង្ហាញទីតាំង ពេលចុះពិនិត្យ សំដៅកំណត់ជ្រើសរើសទីតាំងនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

ការចុះមកពិនិត្យ និងការជ្រើសរើសរកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ ដោយផ្អែកតាមអនុសាសន៍ណែនាំ របស់ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ ZOOM កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ បើតាមការថ្លែងរបស់ លោក​ ជាវ តាយ។  

លោក បានបន្តថា បើតាមកិច្ចប្រជុំខាងលើ លោក សក់ សេដ្ឋា បានឱ្យរដ្ឋបាលខេត្តកំពត មានកិច្ចសហការ និងដាក់សំណើទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើសកំណត់ទីតាំងឱ្យបានជាក់លាក់ ក្នុងដំណើរការសាងសង់អគាររដ្ឋបាលនេះ រួមនិងហេដ្ឋារចនាសម្ព័ន្ធឱ្យមានលក្ខណៈសមរម្យងាយស្រួល បម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារដឹកនាំក្នុងកិច្ចអភិវឌ្ឍ ក្នុងតំបន់ដែលមានសក្ដានុពលនេះផងដែរ។

លោក អភិបាលខេត្តកំពត បានសំណូមពរ លោកសុខ គង់ ឱ្យមានកិច្ចសហការផ្តល់លទ្ធភាព ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការសាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មីនេះ បានលេចចេញជារូបរាងឡើងឆាប់ៗ នាថ្ងៃខាងមុខនេះ។

លោក សុខ គង់ បានសម្ដែងការស្វាគមន៍ និងចូលរួមកិច្ចសហការគាំទ្រ ចំពោះដំណើរការសាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី ឱ្យបានឆាប់នៅពេលខាងមុខនេះ៕

ប្រភព៖ គេហទំព័រអចលនទ្រព្យអាស៊ី

ដោយ៖ Moeun Dyna