Register Already an agent ? Login

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖សហគមន៍ ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ

ភ្នំពេញ៖ ការបង្កើតបណ្តាញសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។ បើតាមការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់។

ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាពជាដៃគូដ៏ល្អក្នុងការកសាងសហគមន៍ឱ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ បើតាមការលើកឡើងបន្តរបស់ លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ជីវភាពសហគមន៍មូលដ្ឋានមានភាពប្រសើរ លុះត្រាតែគ្រួសារប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ រស់នៅប្រកបដោយអនាម័យស្អាត និងកូនចៅបានបន្តការសិក្សាបានខ្ពង់ខ្ពស់។ បើតាមការលើកឡើងបន្តទៀត របស់ លោក សាយ​ សំអាល់ បានលើកទឹកចិត្តឱ្យសហគមន៍ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសពង្រឹងលើធនធានអ្វីដែលសហគមន៍មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឱ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារបរិភោគគ្រប់គ្រាន់។

លោក បានលើកឡើងបន្ថែមថា បន្ថែមពីនេះសហគមន៍មួយចំនួនមានសក្តានុពលក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាពលរដ្ឋមូលដ្ឋានមានសេដ្ឋកិច្ចរឹងមាំមួយកម្រិតទៀត តារយៈការផ្តល់សេវាទេសចរណ៍ល្អ ដូចជា ម្ហូបអាហារ បន្លែ ត្រី សាច់ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា ការលើកឡើងខាងលើ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសជួបសំនេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

ក្រសួងបរិស្ថាន បានដំណើរការរៀបចំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ និងបានជួយបណ្តុះបណ្តាលការរៀបចំគ្រប់គ្រងផ្តល់សម្ភារ ពូជសត្វ ជាបន្តបន្ទាប់ជូនដល់សហគមន៍មួយចំនួន ដើម្បីពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន៕

ដោយ៖ Moeun Dyna