Register Already an agent ? Login

រយៈពេល ១ខែឧសភា ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានដើរកម្សាន្តទូទាំងប្រទេសជិត ២០ម៉ឺននាក់ ទោះបីកូវីដ-១៩ មិនទាន់ធូរក្ដី

ភ្នំពេញ៖ រយៈ​ពេល ១ខែឧសភា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដើរកម្សាន្តទូទាំងប្រទេសប្រមាណ ១៩៤,០២៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥នាក់។ បើតាមការថ្លែងឱ្យដឹងពី​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង​ ខុន បានថ្លែងឱ្យដឹងបន្តថា សប្តាហ៍ទី១ ភ្ញៀវប្រមាណ ១៩,៧០៥នាក់, សប្តាហ៍ទី២ ភ្ញៀវប្រមាណ ៤៩,៨៨០នាក់, សប្តាហ៍ទី៣ ភ្ញៀវប្រមាណ ៥២,៨៩១នាក់ និងសប្តាហ៍ទី៤ ភ្ញៀវប្រមាណ ៧១,៥៤៩នាក់។

លោក ថោង ខុន បានបញ្ជាក់ឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះ រួមមាន៖  ខេត្តកំពត ៣៨,៨១៧នាក់ ខេត្តបាត់ដំបង ២៦,៨៤០នាក់ ខេត្តកែប ២៣,០០៤នាក់ ខេត្តសៀមរាប ១៨,៧៥៧នាក់ ខេត្តកំពង់ស្ពឺ ១៦,១៨៧នាក់ ខេត្តព្រះសីហនុ ១២,១៦០នាក់។

ចំនួននេះមានការកើនឡើងប្រមាណ ៦៩៦,៣៣ភាគរយ ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥។ បើតាមការលើកឡើងរបស់ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានការសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕

ដោយ៖Moeun Dyna