Register Already an agent ? Login

អភិបាលខេត្តបាត់ដំបង និងមន្រ្តីក្រសួងកសិកម្មប្រជុំ ពង្រឹងទប់ស្កាត់និងបង្រ្កាបការទន្ទ្រានដីរដ្ឋខុសច្បាប់

បាត់ដំបង៖ កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការទប់ស្កាត់ បង្ក្រាប ការទន្ទ្រានដីរដ្ឋ ជាពិសេសដីព្រៃលិចទឹក ដែលមានជនឆ្លៀតឱកាសមួយចំនួនបានរំលោភបំពានយក។ បើតាមកាថ្លែងបញ្ជាក់ របស់ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ។

នៅក្នុងប្រជុំពិភាក្សា ស្ដីពីការពង្រឹង ទប់ស្កាត់ និងបង្រ្កាបការទន្ទ្រានដីរដ្ឋខុសច្បាប់ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក ងួន រតនៈ បានថ្លែងបន្តថា រដ្ឋបាលខេត្ត ក៏បានចេញនូវសេចក្ដីជូនដំណឹង អប់រំផ្សព្វផ្សាយ ដើម្បីធ្វើការហាមឃាត់ប្រជាពលរដ្ឋដែលរំលោភបំពានដីរដ្ឋផងដែរ។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានបន្តឱ្យដឹងថា ក្នុងនោះដែររដ្ឋបាលខេត្ត បានបង្កើតទីបញ្ជាការស្រាលប្រចាំការ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងបានកសាងសំណុំរឿងជនល្មើសបញ្ជូនទៅតុលាការមួយចំនួនផងដែរ។

លោក បានថ្លែងបន្តទៀតថា រាល់ការបង្រ្កាបបទល្មើសទាំងអស់នេះ រដ្ឋបាលខេត្តក៏មានការលំបាក និងជួបបញ្ហាប្រឈមមួយចំនួនទៀត ដោយសារទីតាំងដីព្រៃលិចទឹក និងដែននេសាទមានទំហំធំ ហើយមន្រ្ដីមានចំនួនតិច ខ្វះខាតធនធានមធ្យោបាយ ថវិកា និងសម្ភារៈក្នុងការចុះទប់ស្កាត់ជាដើមផងដែរ៕

ដោយ៖​ Moeun Dyna