Register Already an agent ? Login

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ ៤០% គិតត្រឹមខែឧសភានេះ

ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ ៤០ភាគរយ គិតត្រឹមខែឧសភានេះ។ តាមការឱ្យដឹងពីមន្រ្តីជំនាញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានបន្តថា ដោយការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តតាមផែនការគ្រោងទុក នឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩។

មន្រ្តីជំនាញបានន្តឱ្យដឹងទៀតថា ការសាងសង់មាន ៣ផ្នែកសំខាន់ៗ គឺការសាងសង់ស្ថានីយអ្នកដំណើរ ការសាងសង់អាគារបញ្ជារការគ្រប់គ្រងចរាចរណ៍យន្តហោះ និងការសាងសង់ផ្លូវយន្តហោះ (Airfield)។ សម្រាប់ការសាងសង់ស្ថានីយអ្នកដំណើរ រួមមានការសាងសង់អាគារ Check-in ស្ថានីយចេញដំណើរ ស្ថានីយមកដល់អ្នកដំណើរ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដូចជា ចំណតឡាន និងផ្លូវស្ពានចូលស្ថានីយជាដើម។

ចំណែក ផ្នែកផ្លូវរត់របស់យន្តហោះ គឺមានការសាងសង់ដូចជាផ្លូវរត់ (Run way and Taxi Way) និងចំណតយន្តហោះ (Air Prone)។ ដោយឡែក សម្រាប់ការសាងសង់អាគារត្រួតពិនិត្យចរាចរណ៍យន្តហោះ (Traffic Control Center) គឺនឹងសាងសង់ជាអគារកម្ពស់ជាង ១០០ម៉ែត្រ។

តាមផែនការ គម្រោងនេះ បែងចែកការអភិវឌ្ឍន៍ជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០៣ ដំណាក់កាលពីទី២ ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០៣០ និងដំណាក់កាលទី៣ គឺដល់ឆ្នាំ២០៥០។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអ្នកអភិវឌ្ឍខ្នាតធំ និងឈានមុខគេមួយនៅកម្ពុជា OCIC បានឱ្យដឹងថា ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃជាង ១,៥ពាន់លានដុល្លារ នៅខេត្តកណ្ដាល គ្រោងនឹងសម្រេចឱ្យបាន ៥០ភាគរយ នៅចុងឆ្នាំ២០២១ ប៉ុន្តែតួរលេខអាចប្រែប្រួល អាស្រ័យលើស្ថានភាពជាក់ស្ដែង បើពីវិបត្តិជំងឺកូវីដ-១៩នៅជាធរមាន។ លោក បន្តថា ក្រុមហ៊ុន OCIC កំពុងពន្លឿនការងារជីកប្រព័ន្ធប្រឡាយ ដើម្បីរំដោះទឹក ចូលទៅក្នុងបឹងធម្មជាតិ ក៏ដូចជាការងារទូទាត់សំណងជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផងដែរ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសឡើងកាលពីឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ១,៥ពាន់លានដុល្លារ កំពុងសាងសង់នៅលើផ្ទៃដី ២ ៦០០ហិកតា នៅខេត្តកណ្ដាល។ ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក ឬត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋានថ្នាក់ ៤F៕

ដោយ៖ Moeun Dyna