Register Already an agent ? Login

កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ នៅថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា ដែលស្ថិតក្នុងបរិយាកាសកូវីដ-១៩

ភ្នំពេញ៖ នៅចុងសប្តាហ៍ទីបីនៃខែឧសភា ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%។ នេះបើតាមការថ្លែងឱ្កយដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​នាថ្ងៃទី២៤ ខែឧសភា នេះ។

លោក ​រដ្ឋមន្ត្រី​បានថ្លែងបន្តថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមានចំនួនប្រមាណ ១៣១,៤៩០នាក់។

លោក ឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ រួមមាន៖ ខេត្តកំពត ១០,៩៤២នាក, ខេត្តកែប ៧,២៥៧នាក់, ខេត្តបាត់ដំបង ៦,៩៣០នាក់, ខេត្តសៀមរាប ៦,០៣៣នាក់, ខេត្តកំពង់ស្ពឺ ៣,៨៩០នាក់, ខេត្តព្រះសីហនុ ៣,២១៦នាក់, ខេត្តពោធិ៍សាត់ ២,៧៥៣នាក់។

លោក ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំងទេធៀបនឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅតែជាភ្ញៀវក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញនៅមិនទាន់មានចំនួនច្រើននៅឡើយ។ លោកថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេល ៤សប្តាហ៍កន្លងមកនេះ (បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការឡើងវិញ) ហាក់មានការកើនឡើងយឺតនៅឡើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងនៅតាមខេត្តមួយចំនួន ដែលធ្វើឱ្យអាជ្ញាធរនៅបន្តប្រយ័ត្នប្រយែងខ្លាំង ក្នុងការបើកទទួលភ្ញៀវទេសចរនៅតាមគោលដៅមួយចំនួន។

លោក ​រដ្ឋមន្ត្រី​បានបន្តថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់នៅតែបន្តខិតខំយកចិត្តទុកដាក់ គោរពអនុវត្តនូវគោលការណ៍ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជូន។ ព្រមជាមួយនោះ ក៏មានរមណីយដ្ឋានខ្លះបានដាក់ចេញនៅគោលនយោបាយ បញ្ចុះតម្លែសេវាមួយចំនួនដើម្បីលើកទឹកដល់ទេសចរ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ផងដែរ ដូចជារមណីយដ្ឋានវីគិរីរម្យ (Vkirirom) ក្នុងខេត្តកំពង់ស្ពឺ (បញ្ចុះតម្លៃ ២៥% សម្រាប់បន្ទប់ស្នាក់នៅ) រមណីយដ្ឋានកន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២ ក្នុងខេត្តសៀមរាប (បញ្ចុះតម្លៃ ២០% សម្រាប់ការបាញ់ធ្នូ និង ១០% សម្រាប់ការទទួលអាហារ) ជាដើម៕

ដោយ៖ Moeun Dyna