Register Already an agent ? Login

អ្នកជំនាញ៖ ការវិនិយោគដីធ្លីជាយក្រុងមានសន្ទុះរីកចម្រើនខ្លាំង ជាងនៅក្នុងទីក្រុងភ្នំពេញ

ភ្នំពេញ៖ ការធ្វើប្រតិបត្តិការ និងការវិនិយោគដីធ្លីនៅតាមជាយក្រុង ជាពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ហាក់មានសន្ទុះរីកចម្រើនខ្លាំងជាងនៅក្នុងទីក្រុងភ្នំពេញ។ បើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បញ្ជាក់ថា ដោយសារតែតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើងខ្ពស់ និងមានតម្រូវការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយ ដែលធ្វើឱ្យការធ្វើប្រតិបត្តិការវិនិយោគលើវិស័យដីធ្លីនៅតាមជាយក្រុង និងនៅតាមផ្លូវក្រវ៉ាត់ក្រុងមានការកើនឡើង។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា នៅតាមជាយក្រុងមានសន្ទុះរីកចម្រើនខ្លាំង ជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ គឺដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីធ្លីស្ថិតនៅក្នុងធូថ្លៃជានៅក្នុងក្រុង និងជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត ដោយមិនមែនស្ថិតនៅក្នុងគម្រោង។ លោក បានបញ្ជាក់ «មូលហេតុដែលការទិញលក់ដីធ្លី នៅក្នុងក្រុងធ្លាក់ចុះ ដោយសារតែតម្លៃដីខ្ពស់ អ្នកដែលចង់ទិញហើយខ្វះទីផ្សារ ក្នុងការវិនិយោគ ដូចជាការសាងសង់អគារខ្ពស់ៗ និងមនុស្សមួយចំនួនសម្រុកទិញផ្ទះក្នុងបុរី ជាដើម»។

ប៉ុន្តែ បើតាមការមើលឃើញរបស់អ្នកជំនាញក្នុងវិស័យដដែលនេះផ្សេទៀត ក៏បានលើកពីទឡ្ហីករណ៍ថា  សន្ទុះនៃការវិនិយោគដីធ្លីនៅក្នុងទីក្រុងភ្នំពេញ ហាក់មានសន្ទុះរីកចម្រើនខ្លាំ​ងជាងនៅតាមជាយក្រុង ពីព្រោះដោយសារតែនៅទីក្រុងភ្នំពេញមានការតម្រូវការច្រើន ដូចជាសាងសង់ខុនដូ អគារពាណិជ្ជកម្ម និងអគារការិយាល័យជាដើម។ លោក បញ្ជាក់ ដីធ្លីនៅតាមតំបន់ឆ្ងាយៗពីជាយក្រុង ហាក់មិនសូវមានសន្ទុះ ដោយសារតែវានៅឆ្ងាយ ពិបាកធ្វើដំណើរមកធ្វើការនៅក្នុងក្រុង និងមិនសូវមានតម្រូវការ។

ទោះជាយ៉ាងណាក្ដី អ្នកជំនាញដែលបានលើកឡើងពីដំបូងបានបន្តថា ​ វិស័យអចលនទ្រព្យបានរីកចម្រើន ជាបន្តបន្ទាប់នៅក្នុងរយៈជាង ១០ឆ្នាំមកនេះ ហើយការអភិវឌ្ឍក៏សាយភាយទៅកាន់តំបន់ជាយៗក្រុង ធ្វើឱ្យតម្លៃដីនៅជាយក្រុងក៏កាន់តែមានហាងឆេងជាបន្តបន្ទាប់។ លោក ថា បើចង់វិនិយោគដីធ្លី សូមកុំសម្លឹងមើលនៅក្បែរៗក្រុង តែសូមស្វែងរកដីនៅតំបន់ជាយក្រុងវិញប្រសើរជាង។

លោក បានលើកឡើងបន្តទៀត ដីនៅតំបន់ជិតៗក្រុង វាបានហក់ឡើងខ្ពស់រួចហើយ ដូចជាផ្លូវ៦០ម៉ែត្រ ប៉ែកខាងត្បូងរាជធានីភ្នំពេញជាដើម វាបានឡើងរាប់លានដុល្លារ ទៅហើយក្នុងមួយហិចតា ហើយតំបន់ខ្លះជាយក្រុង ក៏មានតម្លៃលានដុល្លារ ដែរក្នុងមួយហិចតា ដូច្នេះការទិញដីក្នុងតម្លៃខ្ពស់ដើម្បីទុកលក់ចំណេញវាមិនមែនជាការងាយស្រួលទេ។

អ្នកដែលទិញដីដើម្បីចំណេញនៅពេលអនាគត ក៏ត្រូវតែចេះមើលពីទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលផងដែរ បើទិញត្រូវទិសដៅអភិវឌ្ឍន៍ ពួកគេនឹងទទួលបានការចំណេញមកវិញលឿន ដូច្នេះហើយអ្នកដែលឆ្លាតត្រូវចេះរកព័ត៌មានពីការអភិវឌ្ឍនានាដូចជានៅ សាលាក្រុង នៅមន្ទីរឬក្រសួងពាក់ព័ន្ធជាដើម។ បើតាមការពន្យល់ពីអ្នកជំនាញ ក្នុងការវិនិយោគដីទៅរកផលចំណេញដែលមិនខាត ទោះបីស្ថានភាពដូចបច្ចុប្បន្នក្ដី។

លោក ថា នៅជុំវិញរាជធានីភ្នំពេញសឹងតែ ៣៦០ដឺក្រេហើយ សុទ្ធតែមានការអភិវឌ្ឍដូចគ្នា គ្រាន់តែតំបន់ខ្លះមានបែបផែននៃការអភិវឌ្ឍខុសគ្នា ហើយតម្លៃដីក៏មានការខុសគ្នាតិចតួចប៉ុណ្ណោះ តែលោកមើលឃើញថា ទៅប៉ែកខាងលិចរាជធានីភ្នំពេញហាក់ទទួលបានការវិនិយោគច្រើន ជាងតំបន់ជាយក្រុងផ្សេងៗទៀត។

ប្រសិនបើយើងមើលមួយភ្លែត ការបណ្ដាក់ទុនលើវិស័យអចលនទ្រព្យគឺហាក់ដូចជាបានចំណេញលឿន និងងាយស្រួល ប៉ុន្តែប្រសិនបើបណ្ដាក់ទុនមិនបានសិក្សាពីហានិភ័យលើវិស័យមួយនេះ ឱ្យបានច្បាស់លាស់នោះទេ ភាពបរាជ័យក្នុងការបណ្ដាក់ទុនលើវិស័យមួយនេះ អាចនឹងកើតមាន ហើយធ្វើឲ្យខាតបង់ច្រើនហួសពីការស្មាន។ បើតាមការណែនាំរបស់ អ្នកជំនាញដើម្បីជៀសវាងក្នុងខាតបង់ទុន និងពេលវេលា។

ទោះជាយ៉ាងនេះក្ដី ការបោះទុនវិនិយោគទៅលើវិស័យណាមួយហើយ មិនមែនមានន័យថាត្រូវចំណេញដុលភ្លាមៗទេ ត្រូវការពេលវេលាសក្កិសមជ្រើសរើសតម្លៃនៃផលលាភ និងខាតផងដែរ ពីព្រោះថា ការចំណាយទាំងនោះតើវាស្ថិតនៅខ្ទង់ណាហើយការខិតខំប្រឹងប្រែងដល់កម្រិតណា និងមានភាពជឿជាក់ទេថាផលចំណេញនឹងបានមកវិញដូចដែលបានរំពឹងទុក។ បើតាមការពន្យល់របស់អ្នកជំនាញ លោក ថា ត្រូវមានផែនការច្បាស់លាស់ និងគ្រប់គ្រងពេលវេលាដែលចាប់យកឱកាសមុនអ្នកណាទាំងអស់៕

ដោយ៖ Moeun  Dyna