Register Already an agent ? Login

ប្រជាពលរដ្ឋ ១៧១គ្រួសារ រងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានភ្នំពេញថ្មី ទទួលបានលំនៅឋានអចិន្ត្រៃយ៍ហើយ

កណ្ដាល៖ ប្រជាពលរដ្ឋចំនួន ១៧១គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្តោះអាសន្ន លើខ្នងទំនប់៥៤ ,៩២ ,៩៤ នៅក្នុងទីតាំង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង បានទទួលលំនៅឋានអចិន្ត្រៃយ៍ហើយ។

លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំង លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន តំណាង លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់លំនៅឋានអចិន្ត្រៃយ៍ជូន ១៧១គ្រួសារខាងលើ។

ពិធីប្រគល់លំនៅឋានអចិន្រ្តៃយ៍ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ នាពេលនេះ គឺបានបង្ហាញ​អំពី​ការគិតគូ យកចិត្តទុកដាក់ខ្ពស់អំពីសិទ្ធិរស់រានមានជីវិត​ប្រកបដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ ក្រោមដំបូលនៃសុខសន្តិភាព ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ បើតាមការថ្លែងរបស់ លោក គង់ សោភ័ណ្ឌ។

នៅពេលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅក្នុងដំណាក់ការសាងសង់ យើង​ប្រាកដជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជាផលប៉ះពាល់សង្គម និងបរិស្ថានជាដើម ប៉ុន្តែវាក៏ជាកាលានុវត្តភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ដោយទំហំនៃការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងត្រូវការកម្លាំង ជំនាញជាច្រើនពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានច្រើន។ បើតាមការថ្លែងបន្តរបស់ លោក អភិបាលខេត្ត។

នាឱកាសនោះ លោក គង់​សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំចូលរួមដោះស្រាយ ទទួលយកនូវសំណងផលប៉ះពាល់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់លទ្ធភាពជូនរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិថ្មី បន្តនូវការអភិវឌ្ឍការសាងសង់ព្រលានយន្តហោះថ្មីនេះ ដែលនឹងជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនៅមូលដ្ឋាន នាពេលខ្លីខាងមុខ។

គួសបញ្ជាក់ លំនៅឋានអចិន្ត្រៃយ៍នេះមានទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ លើផ្ទៃដី ៥ម៉ែត្រ×២០ម៉ែត្រ ដែលសាងសង់តាមប្លង់ស្ថាបបត្យកម្មដោយរក្សាគម្លាតផ្នែកខាងមុខ ៥,៥ម៉ែត្រ និងគម្លាតខាងក្រោយ ៦,៥ម៉ែត្រ ដើម្បីឱ្យគ្រួសារប្រជាពលរដ្ឋ អាចសាងសង់សំណង់បន្ថែម នៅលើទីតាំងដីឡូតិ៍ផ្នែកក្រោយ ក្នុងទំហំអតិប្បរមា ៣,៥ម៉ែត្រ x ៤,៥ម៉ែត្រ ដែលមានគម្លាត ពីរបងដីខាងក្រោយ ១ម៉ែត្រ។

ផ្លូវចូលលំនៅដ្ឋាន ក្រាលថ្មប្រវែង ១,៩គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ មានបំពាក់បង្គោលភ្លើងអគ្គសនី ភ្ជាប់បណ្តាញទឹកស្អាត និងមានទីធ្លាមុខផ្ទះ ធំទូលាយ។ គម្រោងសាងសង់លំនៅដ្ឋាននេះ ប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១,១លានដុល្លារ ដោយចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាលឆ្នាំ២០២០ និងបញ្ចប់នៅខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

គួររម្លឹកថា កាលពីខែមករា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការសាងសង់​អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែលមាន​ផ្ទៃ​ក្រឡាត្រឹមតែ ៤០០ហិកតា និងអាចទទួលអ្នកដំណើរបានត្រឹមប្រមាណ ៥លាននាក់។

រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសភូមិសាស្រ្ត​ខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ដើម្បីការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីលំដាប់4F ដែលមានទំហំសរុប ២៦០០ហិកតា ក្នុងនោះស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល មានទំហំ ២ ២១២.៣ហិកតា ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកកណ្តាលស្ទឹង និងស្រុកស្អាង។

អាកាសយានដ្ឋានអន្តរជាតិ​ថ្មី​នេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០៥០៕

ដោយ៖​ Moeun  Dyna