Register Already an agent ? Login

រលកវិនិយោគទីពីរ និងទីបី ពីប្រទេសចិននឹងហូរចូលមកខេត្តព្រះសីហនុឆាប់ៗក្នុងទ្រង់ទ្រាយធំ និងមានគុណភាពជាងមុន

ព្រះសីហនុ៖ រលកវិនិយោគទីពីរ និងទីបី ពីប្រទេសចិននឹងហូរចូលមកខេត្តព្រះសីហនុឆាប់ៗ ក្នុងទ្រង់ទ្រាយធំ និងមានគុណភាពជាងមុន ពោលគឺចរន្តវិនិយោគខេត្តនេះទៅអនាគត អាចស្ទុះលឿនជាងមុន ៥ដង។ បើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវិភាគ បានបន្តថា ភាពស្ងប់ស្ងាត់នៃការវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គ្រាន់តែជាការអស់ខ្យល់នៃរលកវិនិយោគទីមួយប៉ុណ្ណោះ។

ការរីកចម្រើនរបស់ខេត្តព្រះសីហនុ គឺស្ថិតនៅកម្រិតដំបូង ឬ រលកទី១ របស់អ្នកវិនិយោគចិននៅឡើយទេ។ រលកទី១ នេះទៀតសោត គឺផ្ដោតលើវិស័យទេសចរណ៍ រួមមានគម្រោងវិនិយោគសណ្ឋាគារ និងកាស៊ីណូជាដើម។ បើតាមអ្នកជំនាញអចលនទ្រព្យបានលើកឡើង បានបន្តថា បច្ចុប្បន្នការវិនិយោគប្រភេទនេះ អាចនឹងស្ងប់ស្ងាត់ក៏ពិតមែន តែបើយើងមើលលើផែនការជារួមរបស់ប្រទេសចិន និងរបស់រដ្ឋាភិបាលកម្ពុជាវិញ ក្រុងព្រះសីហនុត្រូវបានតម្រង់ទិសឱ្យទៅជាប៉ូលនៃវិស័យឧស្សាហកម្មមួយថែមទៀត។

បើធ្វើដំណើរពីភ្នំពេញទៅកំខេត្តព្រះសីហនុ ខាងស្ដាំផ្លូវជាតិលេខ៤ រដ្ឋាភិបាលទុកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្ម ប៉ុន្តែ ប៉ែកខាងឆ្វេងដៃចាប់ពីរាមទៅទុកសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍។ បើតាមការអះអាងរបស់ អ្នកជំនាញ លោក ថា បើមើលចក្ខុវិស័យវែងឆ្ងាយ អ្វីដែលកំពុងកើតឡើងនៅខេត្តព្រះសីហនុពេលនេះ គឺគ្រាន់តែជាចំណុចដំបូងប៉ុណ្ណោះទេ ប៉ុន្តែរលកវិនិយោគទី២ និង ទី៣ នឹងមកឆាប់ៗ ដូច្នេះ ខេត្តជាប់សមុទ្រមួយនេះ នឹងរីកចម្រើនជាងស្ថានភាពបច្ចុប្បន្នមិនក្រោម ៥ដងទេ។

ហេដ្ឋារចនាសម្ព័នរបស់យើងចាប់ផ្តើមសម្បូរបែបជាងមុន ផ្លូវ កំពង់ផែ ព្រលានយន្តហោះ ឧស្សាកម្មប្រេង តំបន់សេដ្ឋកិច្ចពិសេសធំៗទាំង៣ ដែលមានរោងចក្រជាច្រើន ឆ្នេរខ្សាច់ និងកោះមិនទាន់កែឆ្នៃជាដើម ដែលនេះសុទ្ធសឹងតែជាសក្ដានុពលទាក់ទាញអ្នកវិនិយោគ។ បើតាមការអះអាងរបស់អ្នកជំនាញដែល បានបញ្ជាក់ «ខេត្តកំពង់ផែអន្តរជាតិទឹកជ្រៅនេះនឹងកើនឡើងខ្លាំងណាស់នៅពេលអនាគត»។

ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុ រដ្ឋាភិបាលកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក បានចំណាយថវិកាប្រមាណ ២៩៤លានដុល្លារ ស្ថាបនាផ្លូវចំនួន ៣៤ខែ្ស នៅខេត្តនេះ ក្នុងគោលបំណងដើម្បីជួយស្ដារសេដ្ឋកិច្ច។

ស្ថានភាពសេដ្ឋកិច្ចក្រុងព្រះសីហនុនឹងប្រសើរឡើងវិញ ក្នុងរយៈពេល ២ ទៅ៣ឆ្នាំទៀត ការផ្លាស់ប្ដូរដែលឈឺចាប់ តែគឺដើម្បីការអភិវឌ្ឍន៍ដែលមានគុណភាព និងនិរន្តរភាពនាពេលអនាគត ឬសុភាសិតខ្មែរគឺ ពិបាកមុន ស្រណុកក្រោយ។ បើតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក ថា បច្ចុប្បន្ន ខេត្តនេះកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាពិសេសការកកស្ទះចរន្តនៃវិស័យអចលនទ្រព្យ គាប់ជួននឹងវិត្តិកូវីដ-១៩ នោះធ្វើឱ្យសង្វាក់ផលិតកម្មវិនិយោគត្រួវជាប់គាំងនែផ្នែកខ្លះ។

សកម្មភាពអចលនទ្រព្យមើលទៅដូចជាធ្លាក់ចុះបន្តិច យើងឃើញថាការលក់ដីគឺតិចជាងអ្វីដែលយើងបានឃើញនាពេលកន្លងមក ប៉ុន្តែវាក៏ផ្តល់នូវឱកាសដ៏រឹងមាំក្នុងការផ្លាស់ប្តូរ ដូច្នេះវាគឺជាការចាប់ផ្តើមដ៏ល្អសម្រាប់ទីផ្សារនេះ។ បើតាមការឡើងឡើងរបស់អ្នកជំនាញ បានន្ថែមថា ជាមួយនឹងការវិនិយោគកែលម្អហេដ្ឋារចនាសម្ព័ន្ធដោយរដ្ឋាភិបាល ដូចជាការពង្រីកអាកាសយានដ្ឋានឱ្យទទួលបានអ្នកដំណើរបានដល់ ១០លាននាក់ គឺនឹងផ្តល់ផលវិជ្ជមានដល់ទីផ្សារមួយនេះ។

អ្នកជុំនាញដដែលនេះ បានលើកឡើងទៀតថា ទន្ទឹមនឹងនេះដែរ ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ រដ្ឋាភិបាលកំពុងរៀបចំសណ្ដាប់ធ្នាប់ក្រុងព្រះសីហនុឡើងវិញដើម្បីត្រៀមលក្ខណៈប្រែក្លាយក្រុងសីហនុនេះទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ច ពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិន។ លោក ថា លើសពីនេះ ប្រទេសចិនក៏បានប្ដេជ្ញាថានឹងជួយប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ តាមដែលអាចធ្វើទៅបាន តាមរយៈការលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា៕

ប្រភព៖ គេហទំព័រសំណង់និងអចលនទ្រព្យ

ដោយ៖ Moeun  Dyna