Register Already an agent ? Login

៤ខែ ឆ្នាំ២០២១ ការដ្ឋានសំណង់ ១៣៣កន្លែង នៅខេត្តកំពតកំពុងដំណើរ ក្នុងទុនវិនិយោគជាង ១៨លានដុល្លារ

កំពត៖ គិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២១ មានការដ្ឋានសំណង់ចំនួន ១៣៣ការដ្ឋាន កំពង់តែដំណើរ ទោះបីជាស្ថិតក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានទុនវិនិយោគសរុបចំនួន ១៨,១០៥,៥៥០ដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត លោក ស៊ឹម សុខជា។

លោក ស៊ឹម សុខជា បានបញ្ជាក់ «មិនមានការដ្ឋានសំណង់ណាមួយបានផ្អាកការសាងសង់ ឬបិទការដ្ឋានដោយសារកូវីដ-១៩នោះទេ។ ចំណែកឯការចូលរួមអនុវត្តច្បាប់សាងសង់ក៏ល្អប្រសើរ ការដ្ឋានសំណង់ស្ទើរមួយរយភាគរយ មានលិខិតសុំច្បាប់អនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់»។

បើគិតត្រឹមរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២១នេះ ការចេញលិខិតអនុញ្ញាតសាងសង់ និងទំហំទឹកប្រាក់វិនិយោគលើវិស័យសំណង់គឺស្មើនឹងពាក់កណ្តាលឆ្នាំ២០២០។ បើតាមការថ្លែងបន្តរបស់ លោក ​អនុប្រធានុមន្ទីរសុរិយោដីខេត្តកំពត លោក ស៊ីម សុខជា បានបន្តទៀតថា បើប្រៀបធៀបឆ្នាំ២០២០ ការដ្ឋានសំណង់ពេញមួយឆ្នាំមានចំនួន ២៩៩គម្រោង ដែលមានទុនវិនិយោគសរុប ៣៧,១៦៤,៩០០ដុល្លា។

លោក ​អនុប្រធានមន្ទីររូបនេះ បានបន្ថែមថា ក្នុងស្ថានភាពកូវីដ-១៩ វិស័យសំណង់ក្នុងខេត្ត នៅតែបន្តដំណើរការ ដោយការដ្ឋាន ដែលបានស្នើសុំលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចទាំងបីគឺ ក្រុងស្រុក ទំហំផ្ទៃក្រោម ៥០០ម៉ែត្រការ៉េ, រដ្ឋបាលខេត្ត ទំហំលើស ៥០០ ដល់៣០០០ម៉ែត្រការ៉េ ក្រសួង ទំហំផ្ទៃលើសពី ៣០០០ម៉ែត្រការ៉េ ឡើងទៅ។ លោក ថា ការរីកចម្រើននៃវិស័យសំណង់នេះ ដោយសារការយកចិត្តទុកដាក់ខ្ពស់ និងឈ្លាសវៃក្នុងការដឹកនាំរបស់រដ្ឋបាលខេត្តកំពត។

រចនាសម្ព័ន្ធក្នុងខេត្តកំពត មានការអភិវឌ្ឍច្រើនជាងមុន បរិស្ថាននៅល្អប្រសើរស្រស់បំព្រង ប្រកបដោយភាពទាក់ទាញ មានតំបន់ទេសចរច្រើនកន្លែង ទាំងធម្មជាតិនិងកែឆ្នៃ សម្បូរភោគផលធម្មជាតិ វប្បធម៌ ជាមួយគ្នានោះក៏មានការអភិវឌ្ឍវិស័យអចលនទ្រព្យ និងជាខេត្តជាប់នឹងមាត់សមុទ្រផងដែរ។ បើតាមការលើកឡើងរបស់ លោក ស៊ីម សុខជា៕

ដោយ៖ Moeun Dyna