Register Already an agent ? Login

អាមេរិកផ្ដល់ ១១លានដុល្លារ មកកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ និង៤ពាន់លានដុល្លារក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់ WHO

ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក ផ្ដល់ជំនួយទឹកប្រាក់ចំនួន ១១លានដុល្លារ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ព្រមទាំងការប្ដេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់ទឹកប្រាក់ ៤ពាន់លានដុល្លារ ក្នុងក្របខណ្ឌវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។ បើតាមជំនួបកិច្ចពិភាក្សា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។

នៅក្នុងជំនួបកិច្ចពិភាក្សាការងារអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ របស់មន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី១៨ ខែឧសភានេះ។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះជំនួយរបស់សហរដ្ឋអាមេរិកទាំងក្របខណ្ឌទ្វេភាគីចំពោះកម្ពុជា និងក្របខណ្ឌអន្តរជាតិ។ បើតាមការបន្តរបស់ក្រសួងការបរទេសថា លោក រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) និងក្រសួងសុខាភិបាលកម្ពុជា នារយៈពេលកន្លងមក។

នៅក្នុងសេក្ដីប្រកាសព័ត៌មានដដែលបានបន្តទៀតថា មន្រ្តីជាន់ខ្ពស់ទាំងពីរខាងលើ បានកត់សម្គាល់រួម លើចំណុចវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដូចជាវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលនៅតែមានការកើនខ្លាំងឡើងនៅឆ្នាំ២០២០ បើទោះបីជាមានបញ្ហាកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្រៅពីនេះ ទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក្ដី ភាគីទាំងពីរនៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តខិតខំដោះស្រាយរួមគ្នា និងមិនធ្វើឱ្យបញ្ហាទាំងនោះក្លាយជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះទេ។

បើតាមក្រសួងបានបន្ថែមថា លោក ប្រាក់ សុខុន បានជំរាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ថានៅក្នុកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ពាក់ពន្ធ័និងបញ្ហាមីយ៉ាន់ម៉ា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់លក្សដ៏សំខាន់ក្នុងការដោះស្រាយជំលោះ ដោយបានសង្កត់ធ្ងន់ថា ដើម្បីរកដំណោះស្រាយបានលុះត្រាតែ៖ ១-តម្រូវឱ្យឈប់មានការប្រើអំពើហឹង្សារ, ២-គ្រប់ភាគីត្រូវជួបពិភាក្សាគ្នាដោយមានការជួយជ្រោមជ្រែងពី អាស៊ាន ហើយ និងទី៣-អនុញាត្តិឱ្យការផ្តល់ជំនួយមនុស្សធម៌អាចប្រព្រិត្តបាន។ លោក បញ្ជាក់ «ជារួម កម្ពុជាចង់ឃើញមីយ៉ាន់ម៉ា វិលទៅរកស្ថានភាពប្រក្រតីឡើងវិញ (normalcy)»៕

ដោយ៖ Moeun Dyna