Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ១០ បាត់ដំបង-ពោធិ៍សាត់-កោះកុង សម្រេចបាន ៤៨,៧៧% ហើយ

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ បាត់ដំបង-ពោធិ៍សាត់-កោះកុង មានប្រវែង ១៩៧,៣៦គីឡូម៉ែត្រ សម្រេចបាន ៤៨,៧៧ភាគរយហើយ គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ទោះបី កម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

លោគ បុង ប៊ុនហួន បានថ្លែងបញ្ជក់ថា «ផ្លូវជាតិលេខ១០ ដែលមានប្រវែងជាង ១៩៧គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល។ ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត»។ 

ការថ្លែងខាងលើ របស់ មន្រ្តីជាន់ខ្ពស់ក្រសួងដឹកជញ្ជូនរូបនេះ នាពេលដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ និងមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ក្នុងឱកាសនោះ រដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ-១៩។

សូមរម្លឹកថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម Wang Wentian។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ១០នេះ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។

លោក រដ្ឋមន្រ្តីបានបន្តថា ផ្លូវនេះ នឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់ប្រទេសចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់ ៤៨ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕

ដោយ៖ Moeun  Dyna