Register Already an agent ? Login

កម្ពុជា និងប្រទេសអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈពេលវិស័យនេះបានរងប៉ះពាល់ដោយ កូវីដ-១៩

បច្ចុប្បន្ន សមាជិកអាស៊ានទាំងអស់កំពុងពិភាក្សារកវិធីសម្របសម្រួលការដឹកជញ្ជូនឱ្យមានភាពប្រសើរឡើង ក្នុងនោះមានកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានចំនួន ៤ បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយសារតែបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានជួបប្រទះនូវបញ្ហារអាក់រអួល។ បើតាមក្រសួងដឹកជញ្ជូន។

ជាមួយគ្នានេះផងដែរ ភាគីកម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃក្នុងការរិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។ បើតាមការបន្តរបស់ក្រសួងដឹកជញ្ជូន។

បើតាមក្រសួងបានបញ្ជាក់ថា ប្រសិនបើច្រកទ្វារទាំងនេះត្រូវបានបើកដំណើរការ វានឹងជួយសម្រួលដល់ការដឹក ជញ្ជូនទំនិញ ជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រក ទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។ 

ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញនៅក្នុងតំបន់អាស៊ាននៅតែមានភាពល្អប្រសើរជាទូទៅ ទោះបីជាមានឧបសគ្គខ្លះក្នុងកំឡុងពេលមានជំងឺរាលដាល។ បើតាមការអះអាងរបស់ ក្រសួងដឹកជញ្ជូន ថា ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះដោយសារតែសមាជិកអាស៊ានបានរឹតបន្តឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួន ក្នុងនោះ ប្រទេសនីមួយៗរបស់អាស៊ានបានរឹតបន្ដឹងការឆ្លងកាត់ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ឧទាហរណ៍ ពីមុន គេអាចដឹកទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី ២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន។ ចំពោះ ការដឹកជញ្ជូនទ្វេភាគីនៅតែមានភាពរលូនបន្ទាប់ពីមានវិបត្តិកូវីដ-១៩ អស់រយៈពេលជាង ១ឆ្នាំ។

បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងរិះរកវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមកាត់បន្ថយចំណាយលើសេវាដឹកជញ្ជូនទំនិញនៅកម្ពុជា និងជំរុញការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលនៃជំងឺកូវិដ-១៩៕

ដោយ៖ Moeun Dyna