Register Already an agent ? Login

គម្រោងផ្លូវថ្មើរជើងក្រោមដី ២កន្លែង ប្រវែងជិត ៩០ម៉ែត្រ នៅខេត្តព្រះសីហនុ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ

ផ្លូវថ្មើរជើងក្រោមដីនីមួយៗ មានប្រវែង ២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ដែលមានជណ្តើរឡើង មានប្រព័ន្ធបូមទឹកចេញ មានកង្ហារសម្រាប់បញ្ជូនខ្យល់ចូលនិងមានប្រព័ន្ធភ្លើងបំភ្លឺផងដែរ។ បើតាមការថ្លែងបន្តរបស់ វង់ សំអាត បានបញ្ជាក់ថា ផ្លូវថ្មើរជើងក្រោមដីទី១ ត្រង់ចំណុចរោងចក្រកាត់ដេរញ៉ូវស្តារ ធ្វើឡើងក្នុងគោលបំណង កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសត្រង់ចំណុចរោងចក្រកាត់ដេរនេះតែម្ដង ដែលជាកន្លែង កម្មករ កម្មការិនី ធ្វើដំណើរច្រើន នៅម៉ោងចូលចេញធ្វើការ។

លោក បន្តទៀតថា ចំណែកឯ ផ្លូវថ្មើរជើងក្រោមដីទី២ ត្រង់ចំណុចក្បែរវិទ្យាល័យឃ្លាំងលើ គឺធ្វើឡើងដើម្បីសម្រួលដល់សិស្សានុសិស្សឆ្លងផ្លូវដោយមានសុវត្ថិភាព និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

ការសាងសង់ផ្លូវថ្មើរជើងក្រោមដី បានផ្តល់ប្រយោជន៍ជាច្រើន ដែលរក្សាបាននូវភាពឆ្លងថ្នល់កុំឱ្យស្ទះចរាចរណ៍ រក្សាបាននូវជីវិតនិងសុវត្ថិភាពរបស់ប្រជាជន និងជាមុខមាត់របស់ប្រទេសជាតិ ដែលជាការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។ បើតាមការលើកឡើងរបស់ មេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន។

តាមផែនការ ផ្លូវថ្មើរជើងក្រោមដីគ្រោងបញ្ចប់ ការដ្ឋានសាងសង់នៅបំណាច់ខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយមានការតាំងចិត្តខ្ពស់ គម្រោងនេះនឹងបញ្ចប់នៅក្នុងខែឧសភានេះ ដើម្បីជាចំណងដៃជូន ពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ។ បើតាមការបន្ថែម របស់ មេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន។

លោក បានបន្ថែមទៀតថា អ្វីដែល មិនទាន់រួចរាល់នោះគឺការបំពាក់គ្រឿងលម្អ ការលាបថ្នាំ បំពាក់ប្រព័ន្ធម៉ូទ័រអូតូសម្រាប់បូមទឹកខ្លាំង និងម៉ូទ័រសម្រាប់បូមទឹកខ្សោយ កង្ហារសម្រាប់ស្រូបខ្យល់អាកាសដែលមិនល្អចេញ និងខ្យល់ល្អចូល ភ្លើងបំភ្លឺនិងបង្កាន់ដៃ ជាដើម។

គួរបញ្ជាក់ថា ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ក៏បានស្ដារ និងស្ថាបនាឡើងវិញនេះ នៅហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៤ ប្រវែង ៦,៧០០ម៉ែត្រ ទទឹង ២៩ម៉ែត្រ ចន្លោះពីគីឡូម៉ែត្រ២១៦-០០ ដល់គីឡូម៉ែត្រលេខ២២២-៧០០ ដែលជាគម្រោងដ៏មានអាទិភាព និងសក្តានុពលរបស់ខេត្តព្រះសីហនុ៕

ដោយ៖ Moeun Dyna