Register Already an agent ? Login

កំពង់ផែសមុទ្រ ខេត្តកោះកុងខ្នាតមធ្យមប្រវែង ៦៩ម៉ែត្រ បានបើកការដ្ឋានសាងសង់ហើយ

កោះកុង៖ គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រ ខេត្តកោះកុងបានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កោះកុង លោក អន ដាវុធ បានបន្តថា កំពង់ផែថ្មីនេះ គឺជាប្រភេទបេតុងដែលមានប្រវែង ៦៩ម៉ែត្រ និងទទឹង ៦,៥ម៉ែត្រ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ១.៥លានដុល្លារ ដោយប្រើប្រាស់រយៈពេល ២ឆ្នាំ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២២ខាងមុខ។ បើតាមការបន្តរបស់ អន ដាវុធ ឱ្យដឹងថា ក្នុង​គម្រោង​នេះ​ក៏​មាន​សង់​ស្ពាន​បេតុង​ទៅ​កំពង់ផែ​ដែល​មាន​ប្រវែង ២៨ម៉ែត្រ និង​ទទឹង ៨ម៉ែត្រ​ចំនួន ២។ លោក បានបញ្ជាក់ កំពង់ផែថ្មីនេះ នឹងជំនួសឱ្យកំពង់ផែចាស់ដែលមានសភាពទ្រុឌទ្រោមយូរមកហើយ។

តាមរបាយការណ៍សង្ខេបរបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានលើកឡើងថា ផែសមុទ្រថ្មីសន្លាងនេះ នឹងសម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យតាមដៃព្រែកកោះប៉ោ ក្រុងខេមរភូមិន្ទ ជំនួសឱ្យផែចាស់រក្សាទុកនៅកន្លែងដដែលមានសភាពទ្រុឌទ្រោមយូរឆ្នាំមកហើយ។

សូមជំរាបថា ខេត្តកោះកុងជាខេត្តមួយជាប់សមុទ្រ នឹងជាទីប្រជុំកោះ ដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្ត នឹងស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា។ ហើយក៏ជាខេត្តមួយដែលប្រកបទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃ តំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រលាញ់ដំណើរកំសាន្តបែបផ្សងព្រេងផងដែរ។

ក្នុងនោះ តំបន់អេកូទេសចរណ៍អារ៉ែង និងជីផាត់គឺជាតំបន់ពីរដែលមានសក្តានុពលខ្លាំងជាងគេ ដោយសារមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបុរាណជាដើម។ ក្រឡេកមកមើលក្រុងខេមរភូមិន្ទវិញ ដែលជាអតីតស្រុកស្មាច់មានជ័យនោះ នៅពេលនេះត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះមកពិនិត្យគម្រោងសាងសង់កំពង់ផែទេសចរណ៍ ជាមួយនឹងទីតាំងដែលមានសក្តានុពល ដើម្បីបង្កើនទេសចរណ៍ផង ផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ ក្នុងតំបន់ និងទៅកាន់ក្រៅប្រទេសផងដែរ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរៈភូមិន្ទ នឹងផ្តល់ជាផលប្រយោជន៍ ក៏ដូចជាកាន់តែធ្វើឱ្យខេត្តកោះកុង មានសក្តានុពល ជាពិសេសនោះ នឹងក្លាយជាចលកសម្រាប់ជម្រុញកំណើននៃវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងការងារដឹកជញ្ជូនគ្រប់ប្រភេទរបស់ខេត្តអោយកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ជាមួយបណ្តាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និងប្រទេសជិតខាងផងដែរ។

គូសបញ្ជាក់ថា កំពង់ផែដឹកជញ្ចូនទំនិញចាស់ស្ថិតនៅទល់មុខអគារមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្ត ធ្លាប់បានកែលម្អចំនួន៣ដងរួចមកហើយ ដើមឡើយជាផែឈើ ក្រោយថ្ងៃរំដោះសង្រ្គាម ការធ្វើចរាចរណ៍ដឹកទំនិញចេញចូលពុំអាចធ្វើតាមផ្លូវគោកបាន ដូច្នេះការដឹកជញ្ជូនទំនិញមានភាពមមាញឹក។ ក្រោយមកទៀត ក៏មានការសម្រេចសាងសង់ផែថ្មីធ្វើអំពីបេតុងដែលមានប្រវែង ២១.២ម៉ែត្រ និងទទឹង១១ម៉ែត្រ រាងជាអក្សរT ក្នុងឆ្នាំ១៩៨៤។

៥ឆ្នាំក្រោយមក ព្រោះតែសេដ្ឋកិច្ចមានការរីកចម្រើនខ្លាំង ទាំងការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរកម្សាន្ត ឬធ្វើដំណើរទៅខេត្តព្រះសីហនុ ឬរាជធានីភ្នំពេញ។ គណកម្មាធិការប្រជាជនបដិវត្ថន៍ខេត្ត និងមន្ទីរគមនាគមន៍និងប្រៃសណីយ៍សម្រេចសាងសង់ផែបេតុងថ្មីទៀត ដោយបន្តពីផែចាស់មានទទឹង១១ម៉ែត្រនិងបណ្តោយ៣០ម៉ែត្រនៅឆ្នាំ១៩៨៩ ដោយក្រុមហ៊ុនBMC វៀតណាមជាអ្នកទទួលម៉ៅការសាងសង់។ លុះដល់ឆ្នាំ១៩៩១ ទើបសម្រេចរួចរាល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះរហូតមកដល់សព្វថ្ងៃគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង៕

ដោយ៖ Moeun Dyna